
ស្ថាប័នសារព័ត៌មានអចលនទ្រព្យមានឈ្មោះថា China Real Estate Business ដែលគ្រប់គ្រងដោយក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ប្រទេសចិន បានចុះផ្សាយថា ពេលនេះមិនទាន់ជាពេលវេលាស័ក្ដិសមសម្រាប់មហាយក្សចិន ក្នុងការធ្វើកំណែទម្រង់ទីផ្សារលំនៅឋាន ដែលតម្រូវឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់តែលំនៅឋានដែលសាងសង់រួចទូទាំងប្រទេសនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ខាងលើ បានបង្ហោះអត្ថបទមួយលើគណនី Wechat ផ្លូវការរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ថា យ៉ាងហោចណាស់ទីក្រុងចំនួន៣០ ក្នុងប្រទេសចិន បានចែករំលែកផែនការអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់តែផ្ទះ ដែលខ្លួនបានសាងសង់រួចរាល់ប៉ុណ្ណោះ ប៉ុន្តែថា ការប្រញាប់ប្រញាល់អនុវត្តការធ្វើកំណែទម្រង់បែបនេះទ្រង់ទ្រាយធំទូទាំងប្រទេស នឹងដាក់សម្ពាធទៅលើបណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក និងធ្វើឱ្យចំណាប់អារម្មណ៍លើការដេញថ្លៃដីធ្លីធ្លាក់ចុះ។ ក្រោយមកអត្ថបទដដែលនេះត្រូវបានលុបចេញវិញនៅត្រឹមពេលរសៀលថ្ងៃដដែល។
អត្ថបទដដែលបានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងការជំរុញការលក់លំនៅឋាន វិធានការនានានៅតែត្រូវការការធ្វើតេស្តសាកល្បងល្អិតល្អន់បន្ថែមទៀតនៅក្នុងទីក្រុងផ្សេងៗគ្នា អមជាមួយនឹងការជួយគាំទ្រពីបណ្ដាធនាគារ និងគោលនយោបាយពន្ធ។
សារព័ត៌មានអន្តរជាតិ Bloomberg បានចុះផ្សាយកាលពីដើមខែនេះថា ដើម្បីដោះស្រាយវិបត្តិលំនៅឋាន ប្រទេសចិន កំពុងពិចារណាធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ពោលគឺគ្រោងកែប្រែគំរូអាជីវកម្មលក់លំនៅឋានបច្ចុប្បន្នរបស់ខ្លួននៅទូទាំងប្រទេស ដោយតម្រូវឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់តែផ្ទះដែលសាងសង់រួចរាល់ប៉ុណ្ណោះ ហើយការលក់ Pre-sale នឹងត្រូវបានហាមឃាត់។
ថ្មីៗនេះបណ្ដាវិនិយោគិនបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់មហាយក្សចិន មិនទាន់មានស្ថិរភាពឡើងវិញនោះទេ ហើយពួកគេ ក៏មើលមិនឃើញថា ការដាំក្បាលចុះនៃវិស័យដ៏សំខាន់នេះនឹងបញ្ចប់នៅពេលណានោះដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មក វិស័យអចលនទ្រព្យចិន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗជាប់ផុងក្នុងបំណុលធ្ងន់ធ្ងរ តួយ៉ាងក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស China Evergrande Group ជាដើម បានជាប់បំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក។ វិស័យអចលនទ្រព្យ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន៕
ដោយ: តែម សុខុម