សន្ទស្សន៍តាមដានហាងឆេងប្រាក់ដុល្លារអាម៉េរិក របស់សារព័ត៌មានអន្តរជាតិ Bloomberg បានបង្ហាញថា ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃរហូតដល់ទៅជាង៧%ឯណោះនៅឆ្នាំ២០២៤ នេះ ដែលជាការហក់ឡើងថ្លៃខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក ខណៈដែលធនាគារកណ្តាលរបស់ប្រទេសផ្សេងទៀតបានជួបការលំបាកក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ពួកគេ។
លោកស្រី ស្កាយឡា ម៉ុងហ្គោមឺរី ខូនីង (Skylar Montgomery Koning) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តនៅធនាគារ Barclays របស់អង់គ្លេស បានគូសបញ្ជាក់ថា ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក គឺជាកត្តាដ៏ចម្បងមួយដែលរុញឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃខ្លាំងបែបនេះ។
អ្នកជំនាញរូបនេះបានបន្ថែមថា ប្រាក់ដុល្លារអាម៉េរិកនៅដើមខែធ្នូ ២០២៤ នេះបានឡើងថ្លៃដល់កម្រិតកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិកបានបញ្ចុះអត្រាអត្រាការប្រាក់ជាថ្មីមុនដាច់ឆ្នាំ។
ខណៈដែលអ្នកជំនាញខ្លះព្យាករថា ប្រាក់ដុល្លារអាម៉េរិក អាចបន្តហក់ឡើងថ្លៃបន្ថែមទៀតនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ កំណើនសេដ្ឋកិច្ចពិភពលោកដែលមានភាពល្អប្រសើរជាងឆ្នាំចាស់ អាចនឹងធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃបន្ថែមទៀត។
ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ នេះ ប្រាក់យ៉េន របស់ប្រទេសជប៉ុន ប្រាក់ក្រូន (Krone) របស់ប្រទេសន័រវែស និងប្រាក់ដុល្លាររបស់ប្រទេសនូវែលសេឡង់បានធ្លាក់ថ្លៃរហូតដល់ទៅជាង១០% ឯណោះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ខណៈដែលប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុបបានធ្លាក់ថ្លៃ៥,៥% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
អ្នកជំនាញមួយចំនួនបានព្យាករថា ប្រាក់អឺរ៉ូ អាចនឹងបន្តធ្លាក់ថ្លៃឈានដល់កម្រិតប្រហាក់ប្រហែលនឹងប្រាក់យ៉េន របស់ប្រទេសជប៉ុន ប្រាក់ក្រូន (Krone) របស់ប្រទេសន័រវែស និងប្រាក់ដុល្លាររបស់ប្រទេសនូវែលសេឡង់ដែរ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខ៕
ដោយ: តែម សុខុម