ប្រាក់ដុល្លារ

ប្រទេសចំនួន១៦គ្រោងចូលរួមជាមួយ BRICS ដើម្បីឈប់ប្រើប្រាក់ដុល្លារសម្រាប់ពាណិជ្ជកម្មនៅឆ្នាំ២០២៤


ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS កំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីឈប់ប្រើប្រាក់ដុល្លារអាម៉េរិក និងងាកមកលើកកម្ពស់រូបិយប័ណ្ណជាតិរបស់ខ្លួនវិញ សម្រាប់ពាណិជ្ជកម្មទូទាំងពិភពលោក។ ជាមួយគ្នានេះប្រទេសចំនួន១៦ទៀតត្រូវបានរំពឹងថា ក៏នឹងឈប់ប្រើប្រាក់ដុល្លារអាម៉េរិកដែរ ក្រោយពួកគេគ្រោងចូលរួមជាមួយក្រុមប្រទេស BRICS នៅក្នុងឆ្នាំ២០២៤ នេះ។
រូបិយប័ណ្ណប្រាក់ដុល្លារ
ដោយ

ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង បានបញ្ចូលប្រទេសចំនួន៥ទៀតជាសមាជិកនៅខែមករា ដើមឆ្នាំ២០២៤ នេះ រួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អ៊ីរ៉ង់ និងអេត្យូពី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន វ៉ចឆ័រ ហ្គូរូ (Watcher Guru) ក្នុងសប្ដាហ៍នេះ។

ពេលនេះ ប្រទេសជាច្រើនទៀតបានដាក់ពាក្យរួចហើយ ដើម្បីសុំចូលរួមជាមួយក្រុមប្រទេស BRICS និងបេសកកម្មរបស់ក្រុមនេះនៅក្នុងការធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬ ការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ មានការទម្លាយដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរហូតដល់ទៅ១៦ទៀតអាចនឹងចូលជាសមាជិករបស់ក្រុមប្រទេស BRICS នៅក្នុងឆ្នាំ២០២៤ នេះ។

កាលពីពេលកន្លងទៅ សមាជិកទាំង១០របស់អាស៊ានព្រមព្រៀងបញ្ឈប់ការជួញដូរជាប្រាក់ដុល្លារអាម៉េរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនសម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងដែន។ ប្រទេសទាំងនេះទំនងជាស្ថិតក្នុងបញ្ជីឈ្មោះបេក្ខជនសុំចូលរួមជាមួយក្រុមប្រទេស BRICS ដែលនឹងពង្រឹងទំនាក់ទំនងរបស់ប្លុក BRICS ជាមួយអាស៊ាន ហើយការពង្រឹងទំនាក់ទំនងនេះនឹងជួយបន្ថែមកម្លាំងរុញច្រាននៅពីក្រោយការជំរុញឱ្យបោះបង់ប្រាក់ដុល្លារអាម៉េរិក។

ក្រៅពីបណ្ដាប្រទេសក្នុងអាស៊ាន ប្រទេសជាច្រើនទៀតត្រូវបានរំពឹងថា នឹងចូលរួមជាមួយប្លុកប្រទេស BRICS ដែរនៅក្នុងការដកប្រាក់ដុល្លារអាម៉េរិកចេញពីការទូទាត់ពាណិជ្ជកម្មក្នុងឆ្នាំនេះ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ថា ប្លុកប្រទេស BRICS បើកទូលាយក្នុងការអនុញ្ញាតឱ្យប្រទេសជាច្រើនទៀតចូលរួមក្នុងប្លុកនេះ។ លោក ក៏បានព្រលយពាក្យដែរថា ការប្រកាសបញ្ចូលប្រទេសជាសមាជិកជុំថ្មីមួយទៀត អាចនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦របស់ប្លុកប្រទេស BRICS ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បណ្ដាប្រទេសនៅទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ា ដូចជាប៉ាគីស្ថាន អ៊ីរ៉ាក់ តួកគី ប៉ាគីស្ថាន នីហ្សេរីយ៉ា និងអេហ្ស៊ីបជាដើម ត្រូវបានគេរំពឹងថា នឹងក្លាយជាសមាជិកថ្មី ដែលនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកប្រទេស BRICS នៅក្នុងឆ្នាំ២០២៤ នេះ។ ក្រុមប្រទេស BRICS ត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងដ៏ធំរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃប្រកាសលើកលែងទិដ្ឋាការដល់ជនបរទេស៦០សញ្ជាតិ ដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងជំរុញទីផ្សារទេសចរណ៍របស់ខ្លួនឱ្យកាន់តែរស់រវើកបន្ថែមទៀតនោះ អាជ្ញាធរថៃ បានប្រកាសកែសម្រួលទិដ្ឋាក…

ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារសម្រេចការសាងសង់បានជិត៦០% ហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ តម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ