
អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុធំៗបានព្រមានថា ការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ជាសញ្ញាដ៏អាក្រក់មួយសម្រាប់ការព្យាករប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលរកស៊ីទាក់ទងនឹងការធ្វើដំណើរ ដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក រាប់ពាន់លានដុល្លារអាម៉េរិក។ ក្រុមអ្នកវិភាគបានអះអាងថា សេវាកម្មដឹកជញ្ជូនរបស់អាម៉េរិក កំពុងរងរបួសខ្លាំង ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់ អារម្មណ៍អ្នកប្រើប្រាស់។
JP Morgan ដែលជាធនាគារវិនិយោគដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក បាននិយាយក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា អារម្មណ៍ប្រឆាំងនឹងការដឹកនាំរបស់អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចជំរុញឱ្យមានការធ្លាក់ចុះនៃសេវាកម្មទេសចរណ៍អន្តរជាតិ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិក។
ដោយឡែកធនាគារយក្ស Goldman Sachs ដែលជាធនាគារវិនិយោគធំលំដាប់ទី២របស់អាម៉េរិកដែរនោះបានព្យាករថា ការរឹតត្បិតការចំណាយលើការធ្វើដំណើររបស់ភ្ញៀវទេសចរអាចកាត់បន្ថយទំហំផលិតផលក្នុងស្រុកសរុបរបស់អាម៉េរិក ចន្លោះពី០,១% ទៅ០,៣% នៅឆ្នាំនេះ។ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់អាម៉េរិក មានទំហំត្រឹមតែជាង២៣ទ្រីលានដុល្លារប៉ុណ្ណោះ មានការធ្លាក់ចុះចន្លោះពី២៣ ទៅ៧១ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ផ្សារមូលបត្ររបស់ទីក្រុងឡុងដ៍ (LESG)។
កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដ៏ធំមួយបានព្រមានថា តម្រូវការធ្វើដំណើរបានជាប់គាំងយ៉ាងខ្លាំង ដោយបានលុបចោលការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Southwest Airlines ក្រុមហ៊ុន American Airlines ក្រុមហ៊ុន Alaska Air និង ក្រុមហ៊ុន Frontier សុទ្ធតែបានសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះនៃសេវាកម្មនេះផងដែរ ដែលបានធ្លាក់ចុះចាប់តាំងពីផ្ទុះការរីករាលដាលនៃមេរោគកូវីដ-១៩។
ជាមួយគ្នានេះ ធនាគារ Goldman Sachs បាននិយាយកាលពីខែមីនា ថា ការប្រកាសដាក់ពន្ធបដិការ និងគោលជំហរឈ្លានពានលើសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្របានធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមសហរដ្ឋអាម៉េរិក ហើយភ្ញៀវទេសចរជាច្រើនកំពុងសម្រេចចិត្តមិនធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ខណៈប្រជាជនអាម៉េរិក ក៏មានការប្រុងប្រយ័ត្នចំពោះការចំណាយផងដែរ ស្របពេលចំណូលរបស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់ ចំពេលមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ដែលអាចកើតឡើងដោយគោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ៕
ដោយៈ សរ សុជាតិ