ចិន-អាមេរិក

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិកថា រុស្ស៊ីសុំជំនួយពីខ្លួន ដើម្បីវាយប្រហារអ៊ុយក្រែន


ប្រទេសចិននៅថ្ងៃអង្គារទី១៥មីនានេះ បានបដិសេធការចោទប្រកាន់របស់មន្ត្រីសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ថា រុស្ស៊ីបានស្វែងរកជំនួយយោធាពីប្រទេសចិន ដើម្បីយកទៅវាយប្រហារឈ្លានពាននៅអ៊ុយក្រែន។ ក្រៅតែពីច្រានចោលការលើកឡើងរបស់អាមេរិក ចិនក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងមានបំណងបង្កើនភាពតានតឹងក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កិច្ចប្រជុំរវាងភាគិចិនលោក យ៉ាង ជាឈី និងភាគីអាមេរិកលោក ចេក ស៊ូឡីវ៉ាន កាលពីថ្ងៃចន្ទទី១៤មិនា ឆ្នាំ២០២២ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ដោយ

ចិនចេញមុខច្រានចោលការលើកឡើងរបស់អាមេរិក ដែលថា រុស្ស៊ីសុំជំនួយពីចិនដើម្បីវាយប្រហារអ៊ុយក្រែននេះ នៅអំឡុងកិច្ចប្រជុំរយៈពេលប្រាំពីរម៉ោងនៅទីក្រុងរ៉ូម រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូឡីវ៉ាន (Jake Sullivan) ជាមួយនឹងអ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក យ៉ាង ជាឈី (Yang Jiechi)។

ទីក្រុងប៉េកាំងបានប្រតិកម្មខ្លាំងៗ ក្រោយមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនធ្វើការអធិប្បាយថា រុស្ស៊ីបានស្នើសុំជំនួយទាំងផ្នែកយោធា និងការគាំទ្រសេដ្ឋកិច្ចពីប្រទេសចិន ក្នុងប្រតិបត្តិការយោធាឈ្លានពានប្រទេសអ៊ុយក្រែន។ ជាការឆ្លើយតប ចិនបានចោទអាមេរិកវិញថា បាននិងកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត មានបំណងមិនល្អមកលើប្រទេសចិន ក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែននេះ។

ជាក់ស្តែង នៅមួយរយៈមុន ក៏មានដែររបាយការណ៍ដែលចោទប្រកាន់ថា ចិនបានដឹងមុនរួចរាល់ពីគម្រោងប្រតិបត្តិការយោធារុស្ស៊ីមកលើអ៊ុយក្រែន ហើយថែមទាំងបានស្នើសុំឲ្យរុស្ស៊ីរង់ចាំដល់ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិកសិន សឹមលើកទ័ពចូលអ៊ុយក្រែន។ ទីបំផុតរុស្ស៊ីផ្តើមធ្វើការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤កុម្ភៈ ពោលគឺនៅ៤ថ្ងៃក្រោយកីឡាអូឡាំពិករដូវរងានៅប៉េកាំង បានបិទបញ្ចប់ជាស្ថាពរ។ យ៉ាងណាក៏ដោយ ចិនចេញមកច្រានចោលការចោទប្រកាន់ទាំងអស់នេះ។

ទីក្រុងប៉េកាំងបានព្យាយាមអះអាងថា ចិនតែងតែដើរតួនាទីក្នុងន័យស្ថាបនា ដើម្បីលើកកម្ពស់ការចរចាសន្តិភាពរវាងភាគីជម្លោះទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន។ ប៉េកាំងបានស្តីបន្ទោសទៅទីក្រុងវ៉ាស៊ិនតោនវិញថា អាទិភាពចំបងនៅពេលនេះ គឺការបន្ធូរបន្ថយស្ថានការណ៍ មិនមែនបន្ថែមប្រេងទៅក្នុងភ្លើងនោះទេ ហើយត្រូវព្យាយាមដោះស្រាយតាមការទូត ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើងៗ។

គួរជម្រាបថា អាមេរិកបារម្ភខ្លាចទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចខាត ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ប្រការទាំងនេះហើយ ទើបលោក ជេក ស៊ូលីវ៉ាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញមកព្រមានចំៗតែម្តងថា បើហ៊ានតែជួយរុស្ស៊ីមែននោះ ចិននឹងប្រឈមមុខផលលំបាកខ្លួនឯង បើនិយាយឲ្យស្រួលស្ដាប់ទៅ គឺដូចជាយកទុក្ខដាក់ខ្លួនអញ្ចឹងដែរ។

សូមបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូលីវ៉ាន បានជួបពិភាក្សាជាមួយ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋចិន លោកយ៉ាង ជាឈី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមមន្ត្រីសេតវិមាន ជំនួបនៅទីក្រុងរ៉ូមអស់ពេល៧ម៉ោងបានផ្តោតទៅលើការប្រកួតប្រជែងគ្នារវាងអាមេរិក ចិន ផលប៉ះពាល់នៃសង្គ្រាមអ៊ុយក្រែនទៅលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ពិសេសភាគីទាំងពីរបានបន្តចោទប្រកាន់គ្នាទៅវិញទៅមកក្នុងសំណុំរឿងរបស់អ៊ុយក្រែននេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃដែកនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ជាបន្ដបន្ទាប់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រុមម្ចាស់ដេប៉ូលក់ដែក និងក្រុមហ៊ុនម៉ៅការសាងសង់បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃដែកបានហក់ឡើងថ្លៃបន្ថែម ១០០ដុល្លារអាមេរិកក្នុង១តោន នាំឲ្យដែ…

ថៃនឹងទិញថាមពលពីរោងចក្រថាមពលឡាវធំៗចំនួន៤

ព័ត៌មាន
ក្រោយពេលដែល ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះឆួល និងមិនទាន់មានរកឃើញច្រកចេញនោះ ការិយាល័យប្រធានសហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ