រដ្ឋបាលលោក ចូ បៃឌិន មានផែនការជួយសង្គ្រោះក្រុមហ៊ុនឈីបចំនួនពីររបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix ដោយសារតែក្រុមហ៊ុនទាំងពីរនេះ កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយអាចនឹងជាប់ក្នុងបញ្ជីនៃការរឹតត្បិតរបស់អាមេរិក។
យោងតាមប្រភពដែលបង្ហើបប្រាប់ Reuters ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិកទំនងជាច្រានចោលសំណើសុំរបស់ក្រុមហ៊ុនអាមេរិក ដែលចង់បញ្ជូនគ្រឿងបរិក្ខារទៅឱ្យក្រុមហ៊ុនឈីបចិនដូចជា Yangtze Memory Technologies និង ChangXin Memory Technology។ ប៉ុន្តែ ចំពោះក្រុមហ៊ុនបរទេសដែលរកស៊ីក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនកូរ៉េ Samsung និង SK Hynix អាចនឹងត្រូវពិនិត្យមើលជាករណីពិសេសដាច់ដោយឡែក ពោលគឺក្រុមហ៊ុនបរទេសទាំងពីរនេះ ទំនងជានៅតែអាចទទួលបានគ្រឿងបរិក្ខារក្នុងការផលិតឈីប ពីអាមេរិកដដែល។
សូមបញ្ជាក់ថា ផែនការដាក់កំហិតការនាំចេញផលិតផលបច្ចេកវិទ្យារបស់អាមេរិកនេះ គឺមានគោលដៅទៅលើក្រុមហ៊ុនចិន ដែលផលិតឈីបប្រភេទ DRAM និង NAND។ ផែនការនេះ ក៏ធ្វើឡើងតែ១ខែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុន Nvidia Corp បញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូទ័រ ២ប្រភេទ ទៅកាន់ប្រទេសចិនផងដែរ។
យ៉ាងណាមិញ ផែនការរបស់អាមេរិកនេះត្រូវបានស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ិនតោន ហៅថា ជាការគ្រប់គ្រងវិទ្យាសាស្រ្ត-បច្ចេកវិទ្យាតែឯងក្នុងលោក និងបានចោទអាមេរិកថា ព្យាយាមប្រើប្រាស់អំណាចបច្ចេកវិទ្យា ក្នុងការបង្អាក់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសដទៃ។
តាមការចុះផ្សាយរបស់ Businesskorea បង្ហាញថា ការនាំចេញឈីបរបស់កូរ៉េខាងត្បូងកាលពីឆ្នាំមុន មានទំហំទឹកប្រាក់សរុប ៦៩ពាន់លានដុល្លារ ក្នុងនោះ ៤៨% គឺនាំចេញទៅកាន់ប្រទេសចិន។
សូមជម្រាបថា ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង មានរោងចក្រផលិតឈីប NAND នៅក្នុងខេត្ត Shaanxi ប្រទេសចិន ស្មើនឹង ៣៨ភាគរយនៃការផលិតសរុបរបស់ខ្លួន។ ចំណែកក្រុមហ៊ុន SK Hynix ក៏មានរោងចក្រផលិតឈីប NAND នៅក្នុងប្រទេសចិនផងដែរ ដែលបានទិញសិទ្ធិពីក្រុមហ៊ុន Intel Corp។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា Yole Intelligence៕