ធនាគារពិភពលោក បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួននៅថ្ងៃទី ១៨ ខែឧសភានេះ ដែលបង្ហាញពីការងើបឡើងវិញយ៉ាងពេញទំហឹងនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩។ របាយការណ៍នេះបានបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅ មានសភាពរឹងមាំ និងសម្រេចបានកំណើនក្នុងកម្រិត ៥,២%។ សន្ទុះងើបឡើងវិញនេះ ពឹងផ្អែកលើផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩។ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក បានកត់សម្គាល់ឃើញថា វិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ លែងក្លាយជាបញ្ហាប្រឈមទៀតហើយ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយលោកបានអះអាងថា សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន មានភាពធូរស្បើយយ៉ាងខ្លាំង និងកំពុងស្ទុះងើបឡើងវិញយ៉ាងពេញទំហឹង។ បើតាមលោក លី សូដេត វិស័យសេវាកម្ម និងទេសចរណ៍ គឺជាវិស័យស្នូលមួយ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ ទាំងសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ការបើកឡើងវិញនៃប្រទេសចិន ក៏នៅតែជាកត្តាលីករក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារអ្នកដំណើរជនជាតិចិន បានរួមចំណែកយ៉ាងសំខាន់ទាំងក្នុងវិស័យទេសចរណ៍ ក៏ដូចជា វិស័យវិនិយោគនៅកម្ពុជា ផងដែរ។
ដ្បិតថាសេដ្ឋកិច្ចកម្ពុជា កំពុងស្ទុះងើបឡើងវិញជាមួយកំណើនវិជ្ជមានក៏ពិតមែន ប៉ុន្ដែ ក្រុមអ្នកជំនាញក៏បានព្រមានដែរថា ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេស ក៏នឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ដ្បិតវិស័យនេះមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថមទៀត។
ដោយឡែក សម្រាប់រយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារពិភពលោករំពឹងថា នឹងកើនដល់ ៦% ក្នុងមួយឆ្នាំ ដោយមានការទ្រទ្រង់ពីសំណាក់សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។ ការជំរុញកំណើននេះ បានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន៕