
លោក ថេដ្រូ អាដអឹណូម ជេប៊្រេសឺស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោកបានអះអាងថា ទីភ្នាក់ងារសុខភាពសកលនេះកំពុងប្រឈមនឹងបញ្ហាកង្វះហិរញ្ញប្បទានសុខភាពសកល ដ៏ធ្ងន់ធ្ងរបំផុត។ បញ្ហានេះបានកើតឡើងក្រោយសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាម្ចាស់ជំនួយធំបំផុតរបស់អង្គការនេះបានដកខ្លួនចេញកាលពីអំឡុងខែមករា ក្រោមហេតុផលអង្គការនេះគ្រប់គ្រងមិនបានល្អលើបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសុខភាពអន្តរជាតិ ផ្សេងទៀត។
ដោយសារសហរដ្ឋអាម៉េរិក ជួយទ្រទ្រង់ការចំណាយជិតមួយភាគប្រាំនៃការចំណាយសរុបរបស់ខ្លួន បានបង្ខំឱ្យអង្គការសុខភាពពិភពលោកចាំបាច់ត្រូវកាត់បន្ថយការចំណាយ និងសកម្មភាពប្រមាណ២១% នៃផែនការសកម្មភាព និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦-២០២៧។ តាមអ្វីដែលគេដឹងនៅក្នុងមួយឆ្នាំអង្គការសុខភាពពិភពលោកត្រូវការថវិការប្រមាណ៥,៣ពាន់លានដុល្លារ តែអង្គការនេះគ្រោងកាត់បន្ថយមកនៅត្រឹម៤,២ពាន់លានដុល្លារ។
លោក ថេដ្រូ បានចាត់ទុកការកាត់បន្ថយការចំណាយ និងសកម្មភាពរបស់អង្គការសុខភាពពិភពលោកវាជារឿងគួរឲ្យសោកស្តាយបំផុត ហើយបានព្រមានថា ការកាត់បន្ថយថវិកានេះនឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធថែទាំសុខភាពជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលងាយរងគ្រោះបំផុត។
តាមការគ្រោងទុក អង្គការសុខភាពពិភពលោក គ្រោងនឹងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនគ្រប់កម្រិត រួមទាំងទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហ្សឺណែវ និងការិយាល័យក្នុងតំបន់ និងប្រទេស ស្របពេលដែលការិយាល័យមួយចំនួននៅក្នុងប្រទេសអ្នកមានអាចនឹងត្រូវបិទទាំងស្រុង ហើយនៅឆ្នាំនេះ ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ ស្ថាប័ននេះកំពុងប្រឈមនឹងកង្វះថវិកាប្រមាណជិត៦០០លានដុល្លារ៕
ដោយៈ សរ សុជាតិ