ចំណុចសំខាន់ទាំងនោះ រួមមានទី១, ការជំរុញពាណិជ្ជកម្មថ្នាក់តំបន់យ៉ាងសកម្ម៖ ជាការពិតណាស់ អាស៊ានកំពុងព្យាយាមដកចេញនូវរបាំងពាណិជ្ជកម្មយ៉ាងសកម្មក្នុងចំណោមប្រទេសជាសមាជិកទាំង១០របស់ខ្លួនរួមទាំងកម្ពុជាផង ហើយកត្តានេះបានជំរុញឱ្យតំបន់សម្រេចបានកំណើនពាណិជ្ជកម្មដ៏រឹងមាំ ដែលតាមការព្យាករថាអាចនឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៨,៧%ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០។
ទី២, ការទាក់ទាញការវិនិយោគ៖ អាស៊ានទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់ទៅ២២៦ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ ដោយជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាម៉េរិក។ តួលេខនេះបង្ហាញថា ទំហំវិនិយោគផ្ទាល់ពីបរទេស ដែលបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចរបស់អាស៊ាន មានចំណែកគ្របដណ្ដប់ដល់ទៅ១៧%នៃការវិនិយោគផ្ទាល់ពីបរទេសទូទាំងពិភពលោក ដោយកើនឡើងយ៉ាងខ្លាំងពីរង្វង់៨,២%នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដោយសារមានទំនាក់ទំនងពាណិជ្ជកម្មរឹងមាំ និងសក្ដានុពលសេដ្ឋកិច្ច។
ទី៣, ការធ្វើឌីជីថលនីយកម្ម៖ ស្របពេលឌីជីថលនីយកម្មកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស អាស៊ាន បាននិងកំពុងពង្រីកសមត្ថភាពបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងធ្វើឱ្យពាណិជ្ជកម្មអេឡិចត្រូនិច ឬ E-commerce ឆ្លងដែនកាន់តែប្រសើរឡើងដែលគាំទ្រដោយក្របខណ្ឌផ្សេងៗដូចជាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលជាដើម។
ទី៤, ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព៖ គំនិតផ្ដួចផ្ដើមបណ្តាញអគ្គិសនីអាស៊ាន និងគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតងកំពុងដោះស្រាយតម្រូវការថាមពលអគ្គិសនីបានយ៉ាងល្អ ខណៈដែលអាស៊ាន កំណត់គោលដៅផលិតថាលពលកកើតឡើងវិញចម្រុះឱ្យបាន២៣%នៅត្រឹមឆ្នាំ២០២៥ នេះ។
ហើយទី៥, ទំហំសេដ្ឋកិច្ចធំ៖ ជាការពិតណាស់ អាស៊ានមានប្រជាជនសរុបរហូតដល់ទៅជាង៦៥០លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នាមានទំហំដល់ទៅ៣,៨ទ្រីលានដុល្លារអាម៉េរិក ដែលតាមការព្យាករអាចនឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកនៅត្រឹមឆ្នាំ២០៣០៕
ដោយ: តែម សុខុម