
បច្ចប្បន្នរោងចក្រចម្រាញ់ប្រេងធំៗនៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កំពុងបិទទ្វារ ដោយសារបញ្ហាសេដ្ឋកិច្ចបានជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការប្រេង និងមានការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេងថ្មីៗនៅអាស៊ី និងអាហ្វ្រិក។ ការបិទដំណើរការរបស់រោងចក្រចម្រាញ់ប្រេងទាំងនេះកំពុងធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ពិភពលោកជួបបញ្ហាធ្លាក់ចុះ។
តាមការវិភាគរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល ដែលមានមូលដ្ឋាននៅស្កុតឡែនបានឱ្យដឹងថា ការផ្គត់ផ្គងប្រេងម៉ាស៊ូតសកលនៅក្នុងឆ្នាំ២០២៥ នេះ អាចនឹងធ្លាក់ចុះដល់១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់សាំងអាចធ្លាក់ចុះប្រមាណ១៨ម៉ឺនបារ៉ែល។
លោក ណែល ក្រូសប៊ី (Neil Crosby) អ្នកវិភាគនៅក្រុមហ៊ុន Sparta Commodities បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏អាក្រក់សម្រាប់ឧស្សាហកម្មចម្រាញ់ប្រេង ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយពលរដ្ឋនៅគ្រប់ទីកន្លែងកំពុងមាននិន្នកាលើការប្រើប្រាស់រថយន្តអគ្គីសនី។
នៅក្នុងចំណោមក្រុមហ៊ុនចម្រាញ់ប្រេងធំៗ ក្រុមហ៊ុន TotalEnergies និង BP បានជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញនៅឆមាសទី១ឆ្នាំនេះ។ រោងចក្រចម្រាញ់ប្រេង ដែលបានបិទនៅអឺរ៉ុបមានដូចជារោងចក្រចម្រាញ់ប្រេង Grangemouth នៅស្កុតឡែន និង Wesseling របស់ក្រុមហ៊ុន Shell នៅអាល្លឺម៉ង់ ខណៈនៅអាម៉េរិក មានរោងចក្រចម្រាញ់ប្រេង Houston របស់ក្រុមហ៊ុន LyondellBasell ជាដើម៕
ដោយៈ សរ សុជាតិ