យោងតាមតួលេខពីសមាគមនុយក្លេអ៊ែរពិភពលោក ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែសីហា ឆ្នាំ២០២៣ បង្ហាញថា ប្រទេសអូស្ត្រាលី ប្រទេសកាហ្សាក់ស្ថាន ដែលស្ថិតនៅអាស៊ីកណ្ដាល និងប្រទេសកាណាដា មានចំណែកគ្របដណ្ដប់ដល់ទៅជាង៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោកទាំងមូល។ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ អូស្ត្រាលី គឺជាប្រទេសលេចធ្លោជាងគេ ដោយរ៉ែអ៊ុយរ៉ាញ៉ូមដែលត្រូវបានរកឃើញមានជាង១លាន៧សែនតោន ដែលស្មើនឹ២៨% នៃធនធានរ៉ែអុយរ៉ាញ៉ូមសរុបរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
ហើយជាការកត់សម្គាល់ អណ្តូងរ៉ែ Olympic Dam របស់អូស្ត្រាលី ដែលស្ថិតនៅចម្ងាយប្រមាណ៦០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងអេឌីឡេត (Adelaide) គឺជាអណ្ដូងរ៉ែដែលមានធនធានរ៉ែអ៊ុយរ៉ាញ៉ូមធំបំផុតក្នុងពិភពលោក ហើយវាក៏មានផ្ទុកធនធានរ៉ែស្ពាន់ធំបំផុតទី៤ផងដែរ។ ទោះបីជាបែបនេះក្តី ក៏អូស្ត្រាលីគ្រាន់តែជាប្រទេសផលិតរ៉ែអ៊ុយរ៉ាញ៉ូមធំបំផុតទី៤ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
ក្រៅពីប្រទេសកំពូលទាំង៣ខាងលើ ប្រទេសរុស្ស៊ី និងប្រទេសណាមីប៊ី (Namibia) ដែលស្ថិតនៅអាហ្វ្រិកសុទ្ធតែមានធនធានរ៉ែអុយរ៉ាញ៉ូមស្មើៗគ្នា គឺម្នាក់មានប្រមាណ៨% ឬស្មើនឹងប្រមាណ៤៧ម៉ឺនតោន។ ទន្ទឹមនេះប្រទេសអាហ្រ្វិកខាងត្បូង ប្រទេសប្រេស៊ីល និងប្រទេសនីហ្សេរីយ៉ា មានម្នាក់ប្រមាណ៥% ហើយប្រទេសចិនមាន៣% ឬស្មើនឹងប្រមាណ២២ម៉ឺន៤ពាន់តោន។
ទោះជាយ៉ាងណា ទិន្នន័យបច្ចុប្បន្ននេះ គឺផ្អែកលើធនធានអ៊ុយរ៉ាញ៉ូម ដែលគេដឹងថា មានសមត្ថភាពអាចយកមកចម្រាញ់ធ្វើអាជីវកម្មបានតែប៉ុណ្ណោះ ចំណែកឯចំនួនសរុបនៃធនធានអ៊ុយរ៉ាញ៉ូមរបស់ពិភពលោកមិនត្រូវបានគេដឹងច្បាស់លាស់នោះទេ ខណៈធនធានរ៉ែអ៊ុយរ៉ាញ៉ូមថ្មីៗត្រូវបានរកឃើញគ្រប់ពេល។ ជាការពិតណាស់ ធនធានរ៉ែអ៊ុយរ៉ាញ៉ូម ដែលគេដឹងរបស់ពិភពលោកបានកើនឡើងប្រមាណ២៥% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងរុករករ៉ែប្រភេទនេះ៕
ដោយ: តែម សុខុម