ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទាំងពីររបស់ពិភពលោក ពោលគឺក្រុមហ៊ុនតៃវ៉ាន់ TSMC និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics បានពិភាក្សាគ្នាអំពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបខ្នាតយក្សនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយទុនវិនិយោគសរុបរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក។
កាសែត Wall Street Journal បានឱ្យដឹងថា នាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនតៃវ៉ាន់ TSMC បានធ្វើទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ ហើយបានពិភាក្សាអំពីគម្រោងសាងសង់រោងចក្រខ្នាតយក្សមួយ ដែលស្រដៀងគ្នាទៅនឹងរោងចក្រដ៏ធំបំផុត និងទំនើបបំផុតរបស់ពួកគេនៅតៃវ៉ាន់។
កាសែតនេះនិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics ដែលផលិតទូរសព្ទស្មាតហ្វូន ទូរទស្សន៍ និងបន្ទះឈីបម៉េម៉ូរី ឬបន្ទះឈីបអង្គចងចាំ ក៏កំពុងពិចារណាលើគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបធំៗនៅក្នុងប្រទេសនេះផងដែរ នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនតៃវ៉ាន់ TSMC បានប្រាប់អ្នកយកព័ត៌មានថា ខ្លួនមិនទាន់មានគម្រោងវិនិយោគថ្មីៗដែលត្រូវប្រកាសនៅឡើយទេ។ ដោយឡែក ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះដែរជុំវិញការចុះផ្សាយរបស់កាសែត Wall Street Journal។
សូមបញ្ជាក់ថា ខណៈដែលកិច្ចព្រមព្រាងផ្នែកបច្ចេកវិទ្យាត្រូវបានចុះជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា រដ្ឋាភិបាលអាម៉េរិក កាន់តែមានការព្រួយបារម្ភខ្លាំងឡើងខ្លាចប្រទេសអារ៉ាប់រួម និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា បញ្ជូនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់របស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន៕
ដោយ: តែម សុខុម