ជាការពិតណាស់ពលរដ្ឋភៀសសឹកសុទ្ធតែទទួលបានការជួយសម្រួលទុក្ខលំបាកពីសំណាក់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋនៅជួរក្រោយ តែយ៉ាងណាក្រុមអ្នកជំនាញយល់ឃើញថា ដើម្បីឱ្យពលរដ្ឋភៀសសឹកអាចទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពីការទទួលបានជំនួយ និងបន្លប់នូវទុក្ខលំបាកដែលកំពុងកើតមាន ពួកគេក៏អាចស្វែងរកការងារធ្វើនៅទីតាំង ដែលមានសុវត្ថិភាពទៅតាមជំនាញរៀងខ្លួនផងដែរ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា បន្ថែមពីលើការជួយរំលែងទុក្ខលំបាករបស់ពលរដ្ឋភាសសឹក តាមរយៈការផ្តល់ជំនួយផ្សេងៗ ការផ្តល់ឱកាសការងារក្នុងកម្រិតណាមួយសម្រាប់ពួកគាត់ ក៏ជារឿងសំខាន់ផងដែរ ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់ចំណូលខ្លះ និងបន្លប់ទុក្ខលំបាក និងភាពភ័យខ្លាចពីការឈ្លានពានរបស់យោធាថៃ ដែលមិនដឹងបញ្ចប់នៅពេលណា។ សម្រាប់អ្នកជំនាញរូបនេះ ម្ចាស់សហគ្រាស សិប្បកម្ម ឬកសិដ្ឋានមួយចំនួន ដែលមានទីតាំងនៅក្បែរតំបន់ភៀសសឹក និងមានសុវត្ថិភាព គួរផ្តល់ឱកាសការងារសម្រាប់ពលរដ្ឋភៀសសឹកក្នុងរយៈពេលណាមួយ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ដោយសារបញ្ហាសង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា កាន់តែអូសបន្លាយពេលយូរ និងមិនទាន់អាចកំណត់ថ្ងៃបញ្ចប់បាន ពលរដ្ឋភៀសសឹកគួរតែធ្វើការងារអ្វីមួយតាមដែលអាចធ្វើទៅបានទៅតាមជំនាញរៀងៗខ្លួន គឺជារឿងប្រសើរ ដើម្បីជាមូលដ្ឋានក្នុងការធានាជីវភាពរស់នៅរយៈពេលយូរ។ បើតាមអ្នកជំនាញរូបនេះ អាជ្ញារធរមូលដ្ឋាននៅតំបន់ភៀសសឹកទាំងនោះ ក៏អាចបង្កើតកន្លែងដាំដុះកសិផលជាបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹក ដើម្បីផ្គត់ផ្គង់ការហូបចុក និងលក់ដូររកចំណូលផងដែរ។
គួរជម្រាបថា សង្គ្រាមឈ្លានពានទាំងកំរោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានឈានដល់ថ្ងៃទី២០ហើយ គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបណ្តាលឱ្យពលរដ្ឋស៊ីវិលចំនួនប្រមាណ៣០នាក់ស្លាប់ និងរបួសជិត៩០នាក់ ខណៈចំនួនពលរដ្ឋភៀសសឹកកើនដល់ជាង៦៣ម៉ឺននាក់៕