ក្រុមហ៊ុនធំៗ៣

ក្រុមហ៊ុនធំៗចំនួន៣ មានគម្រោងចង់បើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា


ក្រុមហ៊ុនធំៗចំនួន៣ បានបង្ហាញពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងបោះជំហានឈានទៅរកភាពរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនីនេះដែរកាលពីពេលថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីជំរុញការអភិវឌ្ឍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យឈានដល់៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០។
ក្រុមហ៊ុនធំៗ៣
ដោយ

នៅមួយរយៈពេលចុងក្រោយនេះមានក្រុមហ៊ុនជាច្រើនបានបង្ហាញបំណងចង់វិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ក្នុងនោះក៏មានវិស័យយានយន្តអគ្គិសនីផងដែរ។ តួយ៉ាង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាពេលថ្មីៗនេះ លោក Park Joo-bong អគ្គនាយកក្រុមហ៊ុន Camko Motor ដែលបច្ចុប្បន្នកំពុងដំណើរការនៅកម្ពុជាស្រាប់នោះ បានបង្ហាញបំណងចង់ចាប់ផ្ដើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅកម្ពុជាផង និងសម្រាប់នាំចេញទៅក្រៅប្រទេសផង ពីព្រោះរថយន្តអគ្គិសនីកំពុងពេញនិយមខ្លាំងនៅទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់មានការកើនឡើងជាលំដាប់ផងដែរ ម្យ៉ាងទៀត រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ គឺមានគុណភាពល្អ ជាពិសេសគុណភាពអាគុយតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាន និងអាកាសធាតុ។ សម្តេចតេជោបានអះអាងថា ថ្វីត្បិតនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីមិនទាន់ខ្លាំង តែកម្ពុជាសង្ឃឹមថា ទៅអនាគតការប្រើប្រាស់រថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយខ្ពស់បើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈនឹងមានសម្ទុះកើនឡើងខ្លាំង។

ក្រៅពីក្រុមហ៊ុន Camko Motor កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah Properties (Cambodia) ក៏បានបង្ហាញបំណងចង់វិនិយោគលើការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ។ ហើយកាលពីពេលកន្លងទៅ ក្រុមហ៊ុនទាំងនេះ ក៏បានមកសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាផងដែរ ជាពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ។

គួរជម្រាបថា ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនីនៅកម្ពុជានេះ កាលពីខែកក្កដា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយនេះ កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានដល់៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះរថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ២,៩៦៨គ្រឿងក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


កម្ពុជាចាត់ទុកកិច្ចប្រជុំរបស់ UN ស្តីពីអនាគត គឺជាការបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ និងគោលដៅនៃកិច្ចព្រមព្រៀងសម្រាប់អនាគត។ ការ…

ក្រសួងការបរទេស សម្តែងការសោកស្ដាយចំពោះការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ