បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia តាមរយៈសម្ព័ន្ធភាពរបស់ក្រុមហ៊ុនទាំង៣នេះ នឹងមានការបែងចែកឧស្សាហកម្មរថយន្តនៅប្រទេសជប៉ុនជាពីរក្រុម ដោយមួយក្រុម គឺជាសម្ព័ន្ធរវាងក្រុមហ៊ុនទាំង៣ ដែលអាចលក់រថយន្តរួមគ្នាប្រចាំឆ្នាំបានជាង៨លានគ្រឿង និងមួយក្រុមទៀត គឺក្រុមហ៊ុន Toyota ចងសម្ព័ន្ធភាពជាមួយនឹងក្រុមហ៊ុន Subaru ក្រុមហ៊ុន Mazda និងក្រុមហ៊ុនផ្សេងទៀតជាមួយនឹងការលក់រួមគ្នាប្រហែល១៦លានគ្រឿង។
ការចងសម្ព័ន្ធរវាងក្រុមហ៊ុនទាំងបីនេះ ធ្វើឡើងក្រោយក្រុមហ៊ុនថ្មីមួយចំនួនបានគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីដូចជាក្រុមហ៊ុន Tesla និងក្រុមហ៊ុន BYD របស់ចិនជាដើម។ បើតាមក្រុមហ៊ុនស្រាវជ្រាវ MarkLines ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា ក្រុមហ៊ុន Tesla បាននាំមុខគេលើចំណែកទីផ្សាររថយន្តអគ្គិសនីជាសកលនៅឆ្នាំ២០២៣ ក្នុងអត្រាជិត២០% រីឯក្រុមហ៊ុនចិន បានក្តោបចំណែកទីផ្សារ១៦% ខណៈក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានទទួលជោគជ័យក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន QUICK FactSet បានបង្ហាញថា ការចំណាយរបស់ក្រុមហ៊ុនទាំងបីនេះនៅមានកម្រិតទាបជាងក្រុមហ៊ុន Tesla នៅឡើយ ដោយក្រុមហ៊ុន Tesla បានបង្កើនការចំណាយដើមទុន២៤% ដល់ជិត១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ចំណែកការចំណាយរបស់ក្រុមហ៊ុនជប៉ុនទាំង៣នេះមានចំនួនជាង៦ពាន់លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ សុខ មង្គល