ក្រុមហ៊ុន TikTok

មេធំក្រុមហ៊ុន TikTok ស្កាត់ជួបលោក ដូណាល់ ត្រាំ ដើម្បីរកដំណោះស្រាយបញ្ចៀសការបិទកម្មវិធីនេះលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាម៉េរិក


នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក សូ ជី ជូ (Shou Zi Chew) បានខំស្កាត់ជួបប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ យ៉ាងតក់ក្រហល់ កាលពីថ្ងៃទី១៦ ខែធ្នូ ដោយសង្ឃឹមអាចរកដំណោះស្រាយបញ្ចៀសការបិទ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាម៉េរិក។ តាមគម្រោង ការបិទកម្មវិធីដ៏ពេញនិយមនេះគ្រោងធ្វើឡើងនៅខែមករា ដើមឆ្នាំ២០២៥ ដ៏ខ្លីខាងមុខ ក្រោមហេតុផលព្រួយបារម្ភអំពីសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន TikTok
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ជំនួបជាលក្ខណៈឯកជនរវាងនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក សូ ជី ជូ (Shou Zi Chew) និងលោក ដូណាល់ ត្រាំ នៅរមណីយដ្ឋានមួយក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិកនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា លោកនឹងព្យាយាមលុបចោលបម្រាមដើម្បីជួយសង្គ្រោះ TikTok ដែលលោកផ្ទាល់ធ្លាប់បានប្រើប្រាស់វាដើម្បីទំនាក់ទំនងទៅកាន់ក្រុមអ្នកបោះឆ្នោតវ័យក្មេងកាលពីអំឡុងធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកន្លងទៅថ្មីៗនេះ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី១៦ ខែធ្នូ ពីរមណីដ្ឋានខាងលើថា លោកនឹងពិនិត្យមើលបម្រាមលើ TikTok ឡើងវិញ ហើយថា លោកស្រលាញ់ចូលចិត្តកម្មវិធី TikTok។ ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ ផ្ទាល់ក៏ធ្លាប់បានព្យាយាមដាក់បម្រាមលើ TikTok ម្ដងដែរក្នុងឆ្នាំ២០២០ កាលលោកកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកក៏បានប្តូរជំហររបស់លោកវិញទាក់ទិនកម្មវិធី TikTok នេះ។

ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថា លោក ដូណាល់ ត្រាំ និងមេធំរបស់ក្រុមហ៊ុន TikTok ពិភាក្សាគ្នារឿងអ្វីខ្លះនោះឡើយ ហើយអ្នកនាំពាក្យ TikTok ក៏មិនបានឆ្លើយតបដែរ ពេលសារព័ត៌មានស្នើសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះ។

សូមបញ្ជាក់ថា ការបិទកម្មវិធី TikTok ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ដើមឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ត្រូវបានតម្រូវដោយច្បាប់មួយដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃឌិន ហើយបើមិនចង់ឱ្យ TikTok បិទលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាម៉េរិកលុះត្រាតែក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិន ដែលជាក្រុមហ៊ុនមេរបស់ TikTok យល់ព្រមលក់កម្មវិធី TikTok ទៅឱ្យម្ចាស់ជនជាតិអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការលក់អចលនទ្រព្យនៅចិន រំពឹងសម្រេចបានតែជាង១ទ្រីលានដុល្លារប៉ុណ្ណោះនៅឆ្នាំនេះ

ការលក់អចលនទ្រព្យរបស់ប្រទេសចិន នៅឆ្នាំ២០២៤ ត្រូវបានគេវាយតម្លៃថា ទំនងជាអាចបានត្រឹមពាក់កណ្តាលនៃចំនួនដែលលក់បានខ្ពស់បំផុតកាលពី៣ឆ្នាំមុនប៉ុណ្…

តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសផលិតមាសកំពូលទាំង១០របស់ពិភពលោក?

ហាងឆេងមាសលើទីផ្សារអន្តរជាតិ នៅមួយរយៈពេលចុងក្រោយនេះបានហក់ឡើងថ្លៃកប់ពពកជាប្រវត្តិសាស្ត្រឈានរហូតដល់ជាង៣ពាន់ដុល្លារអាម៉េរិក ក្នុង១តម្លឹង ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ