វិស័យអចលនទ្រព្យឆ្នាំ ២០២៣

តើវិស័យអចលនទ្រព្យឆ្នាំ ២០២៣ នឹងអាចប្រសើរឡើងជាងឆ្នាំ ២០២២ ឬយ៉ាងណា?


គិតមកទល់ពេលនេះមានរយៈពេលប្រមាណ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាលើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ។
វិស័យអចលនទ្រព្យឆ្នាំ ២០២៣

ទោះយ៉ាងណាការបើកប្រទេសឲ្យប្រជាពលរដ្ឋ និងជនបរទេសអាចធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញរបស់រដ្ឋាភិបាលចិន កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសនានារួមទាំងកម្ពុជាក្នុងការស្តារវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗបន្ថែមទៀត។ កត្តានេះបានជំរុញឲ្យអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣ នេះនឹងមានកំណើនរីកលូតលាស់ល្អប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២ ដែលបានបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃការរើបឡើងវិញ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីបច្ចុប្បន្នភាពទីផ្សារឆ្នាំ២០២២ និងការព្យាករណ៍ឆ្នាំ២០២៣ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបើកប្រទេសឲ្យប្រជាពលរដ្ឋ និងជនបរទេសអាចធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញរបស់ប្រទេសចិន ក្នុងការជួយស្តារ និងជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា។ ការបន្ធូរបន្ថយវិធានការគ្មានកូវីដ-១៩ របស់ចិននេះ បានជំរុញឲ្យជំនាញរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣ នឹងអាចមានកំណើនល្អប្រសើរឡើងវិញមួយកម្រិតបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យ។ ការជឿជាក់បែបនេះក៏ដោយសារកន្លងមកមុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ ចិនបានក្តោបចំណែកទីផ្សារវិនិយោគក្នុងវិស័យអចលនទ្រព្យធំជាងគេនៅកម្ពុជា ដែលមានរហូតដល់ជាង៤០% នៃចំនួនវិនិយោគសរុបនៅកម្ពុជា។

សម្រាប់លោកស្រី អាន សុធីតា សម្រាប់ឆ្នាំ២០២២ គឺជាការហែលឆ្លងបទពិសោធន៍ដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បើទោះបីស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភាពធូរស្បើយ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថានឹងមានកំណើនក្នុងរង្វង់ជាង៥%ក៏ដោយ។ តែយ៉ាងណាលោកស្រីកត់សម្គាល់ឃើញថា ការប៉ះពាល់ក្នុងវិស័យអចលនទ្រព្យបានបន្តកើតឡើងលើផ្នែកមួយចំនួនរួមមានវិស័យការិយាល័យ និងលក់រាយ ដោយសារតម្រូវការជួលក្នុងឆ្នាំ២០២២ មានការធ្លាក់ចុះ។ ចំណែកវិស័យលំនៅដ្ឋាននៅតែមានទីផ្សារទិញលក់ល្អ ជាពិសេសលំនៅដ្ឋានកម្រិតមធ្យម។

មិនខុសគ្នាពីលោកស្រី អាន សុធីតា នោទេ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២៣ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២២ បើទោះបីបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជារួមទាំងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃការងើបឡើងវិញ និងបន្តរងការគំរាមកំហែងពីវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកលក៏ដោយ។ ការជឿជាក់បែបនេះ ក៏ព្រោះតែលោកឧកញ៉ាមើលឃើញពីភាពរីកចម្រើន នៃវិស័យសេដ្ឋកិច្ច និងភាពធន់របស់វិស័យអចលនទ្រព្យកម្ពុជាក្នុងអំឡុងវិបត្តិកូវីដ-១៩ នៅ៣ឆ្នាំកន្លងមកនេះ។ មួយវិញទៀតនៅឆ្នាំនេះ ប្រទេសចិន ដែលជាទីផ្សារអចលនទ្រព្យដ៏ធំមួយរបស់កម្ពុជាបានបើកប្រទេសឲ្យធ្វើដំណើរជាអន្តរជាតិឡើងវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ទោះបីឆ្នាំ២០២២ វិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ តែចរន្តទិញលក់ក្នុងវិស័យនេះនៅតែមានសកម្មភាព។

ជាមួយគ្នានេះលោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage យល់ឃើញថា ការបន្ធូរបន្ថយវិធានការគ្មានកូវីដរបស់ចិន ជាយន្តការមួយដ៏ល្អក្នុងការបើកផ្លូវឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសអាចធ្វើដំណើរចេញចូលប្រទេសនេះបានយ៉ាងទូលំទូលាយឡើងវិញ។ លោកជឿជាក់ថា តាមរយៈយន្តការនេះវានឹងជួយជំរុញឲ្យមានលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជា ដើម្បីធ្វើដំណើរកម្សាន្ត និងសំឡឹងមើលឱកាសវិនិយោគលើវិស័យនានានៅកម្ពុជា។ ប៉ុន្ដែលោកវាយតម្លៃថា លំហូរជនជាតិចូលមកកម្ពុជានឹងមិនមានច្រើននោះទេនៅដើមឆ្នាំនេះ៕




អត្ថបទបន្ទាប់


ធនាគារ SME នឹងផ្តល់កម្ចី ១០០លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ ដល់ SME ក្នុងវិស័យអាទិភាពមួយចំនួន

ព័ត៌មាន
ថ្នាក់ដឹកនាំ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) អះអាងថា ធនាគារ SME នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ឥណទានជូនដល់អតិថិ…

វិនិយោគិនក្នុងស្រុកឈរកំពូលតារាង ដែលបានវិនិយោគដល់ទៅជាងពាក់កណ្ដាលនៃគម្រោងវិនិយោគសរុបនៅកម្ពុជាឆ្នាំ២០២២

ព័ត៌មាន
យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ