វិស័យការងារ

តើរដ្ឋាភិបាល គួរមានយន្តការបែបណា ដើម្បីកុំឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ?


ក្រោយប្រទេសកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រំដែនជាមួយគ្នា និងបានឈានដល់ការផ្ទុះអាវុធដាក់គ្នាកាលពីចុងខែកក្កដា កន្លងទៅនេះ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាច្រើនម៉ឺននាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ។ តែយ៉ាងណា ក៏មានពលរដ្ឋមួយចំនួនតូចបានវិលត្រឡប់ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ វិញផងដែរ។
វិស័យការងារ
ដោយ

ជុំវិញបញ្ហានេះ មន្ត្រី និងអ្នកជំនាញ បានអំពាវនាវដល់ពលករខ្មែរកុំឱ្យឆ្លងដែនទៅថៃ ដោយខុសច្បាប់ទាំងប្រថុយប្រថាន ដ្បិតវាអាចប្រឈមនឹងគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ ហើយពួកគេគួរងាកមកស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្នកំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង។ ទន្ទឹមនេះអ្នកជំនាញស្នើដល់រាជរដ្ឋាភិបាលគួរមានវិធានការគិតគូរបន្ថែមទៀតចំពោះពលករខ្មែរ ដូចជាតាមរយៈការផ្តល់បុរេប្បទានថវិកាជាតិ ក្នុងកម្រិតណាមួយសម្រាប់ពួកគេជាដើម។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ចាប់តាំងពីមានបញ្ហាជម្លោះព្រំដេនរវាងកម្ពុជា-ថៃ មក មានពលរដ្ឋខ្មែរនៅប្រទេសថៃ ប្រមាណជាង៩២ម៉ឺននាក់ហើយបានវិលត្រឡប់មកកាន់កម្ពុជាវិញ ប៉ុន្តែក៏មានពលរដ្ឋមួយចំនួនតូច បានបន្តលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ វិញដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរមិនគួរធ្វើអន្តោប្រវេសន៍ទៅថៃ ដោយខុសច្បាប់ នៅក្នុងពេលដែលប្រទេសទាំងពីរកំពុងមានអរិភាពជាមួយគ្នានោះទេ ដោយសារវាអាចបង្កបញ្ហាអសុវត្ថិភាពណាមួយចំពោះពួកគេពីសំណាក់ភាគីថៃ ដ្បិតកន្លងមកថៃ ក៏បានបង្កអំពើហិង្សានានាលើពលករកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យរូបនេះស្នើឱ្យពលរដ្ឋងាកមកស្វែងរកឱកាសការងារនៅក្នុងស្រុក ជាជាងប្រថុយប្រថានឆ្លងដែនទៅថៃ ដោយខុសច្បាប់។

​ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ក្នុងកាលៈទេសៈនេះ ពលករខ្មែរមិនគួរប្រថុយប្រថានឆ្លងដែនដោយខុសច្បាប់ទៅថៃ នោះទេ ព្រោះវាអាចប្រឈមគ្រោះថ្នាក់ និងហានិភ័យខ្ពស់​។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋខ្មែរគួរតែស្វែងរកពត៌មាន និងចុះឈ្មោះ ដើម្បីទទួលបានការងារពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុក ដែលរាជរដ្ឋាភិបាលបានរៀបចំសម្រាប់ពួកគេ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្រាវជ្រាវរកឃើញថា បច្ចុប្បន្នពលករ ដែលត្រលប់ពីប្រទេសថៃវិញភាគច្រើនពុំទាន់ទទួលបានការងារធ្វើនោះទេ ដែលទាមទារឱ្យរាជរដ្ឋាភិបាលធ្វើការសិក្សា និងស្វែងរកដំណោះស្រាយបន្ថែមទៀត ដើម្បីកុំឱ្យមានផលប៉ះពាល់ ជាពិសេសពលករដែលត្រលប់មកវិញ ដែលមានបំណុលជាប់ខ្លួនតែម្តង។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ដើម្បីបញ្ចៀសបញ្ហាការឆ្លងដែនទៅថៃ ដោយខុសច្បាប់របស់ពលករខ្មែរ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរបង្កើនការផ្សព្វផ្សាយ និងពន្យល់ដល់ពួកគេអំពីឱកាសទីផ្សារការងារនៅក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយ និងលម្អិតបន្ថែមទៀត ទាំងប្រភេទការងារដែលកំពុងត្រូវការ នីតិវិធីក្នុងការចុះឈ្មោះ និងការទទួលបានការងារធ្វើ ដើម្បីធានាថា ពួកគេបានយល់ដឹង និងទទួលបានការងារធ្វើគ្រប់ៗគ្នា។

​ដោយឡែកលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានលើកឡើងថា ក្រោយការស៊ើបសួរផ្ទាល់ជាមួយពលករខ្មែរដែលទើបត្រឡប់មកពីថៃវិញ ឃើញថា ពួកគេភាគច្រើននៅតែពិបាកក្នុងការស្វែងរកការងារធ្វើឱ្យស្របនឹងជំនាញ ដែលពួកគេមាននៅឡើយ ស្របពេលដែលបញ្ហាបំណុលធនាគាររបស់ពួកគេ ក៏កាន់តែយ៉ាប់យ៉ឺនដោយសារគ្មានប្រាក់ចំណូល។ អ្នកជំនាញរូបនេះយល់ឃើញថា ប្រសិនបើបញ្ហានេះកាន់តែអូសបន្លាយរយៈពេលយូរ នោះវាអាចនឹងធ្វើឱ្យពួកគេប្រថុយប្រថានឆ្លងដែនត្រឡប់ទៅថៃវិញ ទោះបីដឹងថា មានហានិភ័យក៏ដោយ។ ដូច្នេះហើយលោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលគួរមានវិធានការបន្ទាន់ក្នុងការជួយស្រោចស្រង់ជីវភាពរបស់ពួកគេ តាមរយៈការធ្វើបុរេប្បទានថវិកាជាតិ ក្នុងកម្រិតណាមួយ និងក្នុងរយៈពេលណាមួយ ទម្រាំពួកគេអាចស្វែងរកការងារធ្វើបានឡើងវិញ។ ម្យ៉ាងទៀត ការកំណត់អត្តសញ្ញាណ និងចុះបញ្ជីពួកគេចូលទៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គម ក៏ជារឿងចាំបាច់ និងសំខាន់ផងដែរ។

​បើតាមឯកឧត្តម ស៊ុន មេសា ប្រសិនបើប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ពុំទាន់ទទួលបានការងារធ្វើអាចទាក់ទងមកកាន់លេខ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋានដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារកំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ មកទល់ពេលនេះមានពលករខ្មែរប្រមាណជាង១៩ម៉ឺននាក់ហើយ បានមកស្វែងរកឱកាសការងារធ្វើតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕




អត្ថបទបន្ទាប់


តើការធ្វើពហិការមិនប្រើផលិតផលថៃ អាចជាចលកររុញច្រានក្រុមហ៊ុនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឬយ៉ាងណា?

ក្រោយពីប្រជាជនកម្ពុជា បាននាំគ្នាធ្វើពហិការមិនប្រើប្រាស់រាល់ផលិតផល ដែលមានប្រភពមកពីប្រទេសថៃ ថ្មីៗនេះឃើញមានផលិតផលថៃ មួយចំនួន ដូចជាទឹកដោះគ…

ការផលិតលើសតម្រូវការកំពុងទាញទម្លាក់តម្លៃជ្រូករស់ឱ្យធ្លាក់ចុះ ខណៈអ្នកជំនាញរំពឹងតម្រូវសាច់ជ្រូកនឹងមានកំណើនខ្ពស់នៅរដូវភ្ជុំបិណ្ឌ

រដូវបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ខណៈបន្លែ ត្រី សាច់ គឺគ្រឿងផ្សំដែលមិនអាចខ្វះបានសម្រាប់យកទៅធ្វើជាម្ហូបអាហារប្រគេនដល់ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ