តម្លៃលោហៈធាតុ

តម្លៃលោហៈធាតុមានតម្លៃដូចជាមាស និងប្រាក់ ត្រូវបានព្យាករថា នឹងហក់ឡើងថ្លៃកាន់តែខ្ពស់នៅឆ្នាំ២០២៣


តម្លៃលោហៈធាតុមានតម្លៃដូចជា មាស និងប្រាក់ ត្រូវបានអ្នកជំនាញអះអាងថា នឹងមានតម្លៃកើនឡើងខ្លាំងនៅឆ្នាំ២០២៣នេះ។ កើនឡើង ក៏ដោយសារតែមានសម្ពាធអតិផរណាកំពុងបន្ដ និងការកើនឡើងនៃហានិភ័យដែលអាចមានការបរាជ័យកើតឡើង សម្រាប់រដ្ឋាភិបាលសហព័ន្ធអាមេរិក ចំពោះបញ្ហាប្រាក់កម្ចីរបស់រដ្ឋាភិបាល ដែលកំពុងមានដល់កម្រិតពិដានកំណត់ទៅហើយនោះ។ នេះបើយោងតាមការរាយការណ៍មួយដោយសារព័ត៌មាន Fox News។
តម្លៃលោហៈធាតុមានហាក់ហក់ឡើងថ្លៃកាន់តែខ្ពស់នៅឆ្នាំ២០២៣

សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុននេះ បានឈានដល់ពិដានបំណុល ៣១,៤ទ្រីលានដុល្លារ បន្ទាប់ពីទិន្នន័យចុងក្រោយទាក់ទងនឹងអតិផរណា បង្ហាញថា តម្លៃអ្នកប្រើប្រាស់នៅតែមានអត្រា ៦,៥% ខ្ពស់ជាងតម្លៃមូលដ្ឋានប្រចាំឆ្នាំ។

ទន្ទឹមគ្នានឹងស្ថានភាពអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់ គួបផ្សំនឹងបញ្ហាបំណុលរបស់រដ្ឋាភិបាលអាមេរិកកើនដល់កម្រិតពិដានដែលបានកំណត់នោះ គេសង្កេតឃើញថា មាស បានហក់ឡើងថ្លៃ១៥% និងប្រាក់ បានឡើងថ្លៃ ២១% នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដោយសារតែភាគហ៊ុនបានធ្លាក់ចុះ ទាញទម្លាក់តម្លៃគោលសំខាន់ៗនៅក្នុងទីផ្សារ ហើយប្រាក់ដុល្លារអាមេរិកក៏បានធ្លាក់ចុះមកនៅត្រឹម ០,៨១ដុល្លារ ធៀបនឹងប្រាក់ផោនអង់គ្លេស និង ០,៩២ដុល្លារ ធៀបនឹងប្រាក់អឺរ៉ូ។

នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍ Fox News លោក Janathan Rose ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនជួញដូរមាស Genesis Gold Group បាននិយាយថា កម្លាំងជំរុញចម្បងនៅពីក្រោយការកើនឡើងនៃទីផ្សារមាស និងប្រាក់នោះ គឺតម្លៃប្រាក់ដុល្លារអាមេរិកថមថយចុះ បញ្ហាអតិផរណា និងគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ។

លោកបន្ថែមថា ការចំណាយរបស់រដ្ឋាភិបាលអាមេរិក គឺជាបញ្ហាដ៏ធំមួយសម្រាប់សុខភាពសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចទី១ក្នុងពិភពលោកមួយនេះ ហើយឥឡូវនេះ រដ្ឋាភិបាលកំពុងប្រឈមនឹងការខ្វះសាច់ប្រាក់ដើម្បីចំណាយ ដោយសារតែកម្រិតបំណុលបានឈានមកដល់ពិដានដែលបានកំណត់រួចទៅហើយ។ ប្រសិនបើ រដ្ឋាភិបាលសហព័ន្ធបរាជ័យលើការទទួលបានកម្ចីបន្ថែម ដើម្បីបន្ដការចំណាយរបស់ខ្លួន នោះវានឹងបំផ្លាញជំនឿចិត្តអ្នកវិនិយោគ ហើយវានឹងអាចធ្វើឲ្យប្រាក់ដុល្លារអាមេរិកធ្លាក់ដាំក្បាលចុះជាបន្ដបន្ទាប់។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា បរិយាកាសទាំងនេះហើយ នឹងអាចនឹងបង្កើតឱកាសដ៏ល្អសម្រាប់ការបែងចែកមូលនិធិ ដោយក្រុមអ្នកវិនិយោគលើទីផ្សារ ងាកទៅរកការវិនិយោគជួញដូរលើលោហធាតុមានតម្លៃដូចជាមាស និងប្រាក់ជំនួសវិញ។

សារព័ព័ត៌មាន Online Kitco បានធ្វើការស្ទង់មតិបង្ហាញថា វិនិយោគិនអាចនឹងមើលឃើញតម្លៃ ប្រាក់អាចកើនឡើង៥០% នៅក្នុងឆ្នាំ២០២៣ ដោយអាចមានតម្លៃដល់ ៣៨ដុល្លារក្នុងមួយអោន ឬស្មើនឹងជាង៨ជីប្រាក់ ខណៈដែលមាសវិញ អាចនឹងកើនតម្លៃដល់កម្រិតខ្ពស់បំផុត ២.១០០ដុល្លារក្នុងមួយអោន ឬស្មើនឹងជាង៨ជីមាស៕




អត្ថបទបន្ទាប់


តើនយោបាយផ្ទៃក្នុងរបស់វៀតណាមពិតជាកំពុងឡើងកម្តៅនិងស្ថិតក្នុងភាពមិនច្បាស់លាស់ ឬយ៉ាងណា?

ព័ត៌មាន
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលការកោតសរសើរមិនតិចទេពីសំណាក់វិនិយោគិនបរទេសគ្រាក…

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងស្នើច្បាប់កំណត់ម៉ោងការងារមួយសប្ដាហ៍ធ្វើការ៦៩ម៉ោង

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក យ៉ូន ស៊ុកយូលមានគម្រោងបន្ថែមម៉ោងធ្វើការរបស់បុគ្គលិកក្នុងប្រទេសរបស់ខ្លួនចំនួន១៧…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ