
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពនៃការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងថៃ មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺជើងហោះហើរទៅមករវាងភ្នំពេញ-បាងកក និងបាងកក-សៀមរាប នៅរក្សាប្រក្រតីភាពជាធម្មតា។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទោះបីជាបញ្ហាជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ បានឈានដល់បទឈប់បាញ់យ៉ាងណាក្តី ប៉ុន្តែសម្រាប់តំបន់គ្រោះថ្នាក់ដែលអាកាសចរណ៍ស៊ីវិលបានបិទមិនឱ្យមានការហោះហើរឆ្លងកាត់នោះ គឺពុំទាន់អាចបើកដំណើរការឡើងវិញនៅឡើយទេ ខណៈអាកាសចរណ៍ស៊ីវិលកំពុងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ជុំវិញហានិភ័យនៃបញ្ហានេះ។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្រា្គមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ពោលគឺភ្ញៀវទេសចរបរទេសភាគច្រើនបានផ្អាកការធ្វើដំណើរកម្សាន្តចេញចូលប្រទេសទាំងពីរយ៉ាងគំហុក ដោយសារភាពភ័យខ្លាច។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជាង៣លាន៣សែននាក់ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរថៃ មានចំនួនជាង៩២ម៉ឺននាក់ថយចុះជិត៣%៕