គម្រោងធានាឥណទានរបស់សាជីវកម្ម

គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា បានផ្ដល់ការធានាលើប្រាក់កម្ចីទំហំ ១២លានដុល្លារ ក្រោយដាក់ឲ្យដំណើរការបានកន្លះឆ្នាំ


ក្រោយដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ ៦ខែកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC)បានផ្តល់ការធានាឥណទានដល់អាជីវកម្មដែលស្ថិតក្រោមគម្រោង ធានាឥណទានសម្រាប់សហហិរញ្ញប្បទាន បានចំនួន ៨៨កម្ចីហើយ ដែលមានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារអាមេរិក ខណៈដែលគម្រោងធានាឥណទាននេះ មានទឹកប្រាក់សរុបដល់ទៅ ២០០លានដុល្លារអាមេរិកឯណោះ។ ក្នុងចំណោមអាជីវកម្មដែលទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា ភាគច្រើន ខ្វះទ្រព្យបញ្ចាំ ហើយអាជីវកម្មច្រើនលើសលប់ស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា CGCC

គិត​ចាប់តាំងពី ខែមីនា​ដល់​ខែ ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០២១ សាជីវកម្ម​ធានា​ឥណទាន​បាន​ផ្ដល់​ការ​ធានា​ឥណទាន​ចំនួន​៨៨​ករណី​ហើយ ដែល​មាន​ទំហំ​ទឹកប្រាក់​កម្ចី​សរុប ជាង​១២ លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​ចំណោម​ឥណទាន​ដែល​ទទួល​បានការ​ធានា​ទាំងនេះ​មាន​ប្រមាណ ៨១% មាន​បញ្ហា​ខ្វះ​ទ្រព្យ​បញ្ចាំ ដែល​វា​ស្រប​តាម​បេសកកម្ម​របស់​សាជីវកម្ម​មួយ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ CGCC​។

បច្ចុប្បន្ន សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដែល​មាន​ដើមទុន​សម្រាប់​ការ​ធានា​ឥណទាន​រហូត​ដល់ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បច្ចុប្បន្ន មាន​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៥​ហើយ ដែល​ជា​ដៃគូ​។ 

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចំណោម​អាជីវ​ម្ម​ដែល​ទទួល​បានការ​ធានា​ខាងលើ ភាគច្រើន​លើសលប់​ជា​អាជីវកម្ម​ស្ថិត​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ពោល​គឺ​មាន​ចំនួន​៩៤% នៃ​អាជីវកម្ម​ដែល​ទទួល​បានការ​ធានា​សរុប​។  

ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា CGCC មាន​ប្រសាសន៍​ថា “​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​គម្រោង ធានា​ឥណទាន​សម្រាប់​សហ​ហិរញ្ញប្បទាន គឺជា​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា និង​ជា​ការ​គាំទ្រ​បន្ថែម​យ៉ាង​សំខាន់ លើ​គម្រោង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​២ របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្នុង​ការ​ចែករំលែក​ហានិភ័យ​ជាមួយ PFIs​។ គម្រោង​ទាំង​ពីរ​នេះ នឹង​បំពេញបន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចម្បង ២​យ៉ាង ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ទី​មួយ​គឺ ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​កម្ចី និង​ទី​ពីរ​គឺ កង្វះ​ទ្រព្យ​បញ្ចាំ​”​។

សាជីវកម្ម​ធានា​ឥណទាន គឺជា​ស្ថាប័នរដ្ឋ​មួយ ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម ដែល​មាន​លទ្ធភាព​សង ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ ដោយ​ផ្តល់​ការ​ធានា ដែល​ដើរតួ​នាទី​ជា​ទ្រព្យ​បញ្ចាំ ចន្លោះ​ពី​៧០% ទៅ ៨០% នៃ​ប្រាក់​កម្ចី​របស់​ក្រុមហ៊ុន​ទាំងនោះ​។ គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម​នេះ មាន​សុពលភាព​រហូត​ដល់​ចុងឆ្នាំ​២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច តេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្ដងទៀត ដែលនេះគឺជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊…

វៀតណាមទិញវ៉ាក់សាំងកូវីដ១៩១០លានដូសពីប្រទេសគុយបា ខណៈវ៉ាក់សាំងជើងដំបូងបានដឹកទៅដល់ ហើយ

ព័ត៌មាន
ប្រទេសគុយបា បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបាននាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួនជាលើកដំបូង ដោយបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ