ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តភ្ញៀវទេសចរដើរកម្សាន្តចាប់ផ្ដើមមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងគ្រាន់តែនៅក្នុងខេត្តសៀមរាប អាជីវករចាប់ផ្ដើមមមាញឹកលក់ដូរដាច់ជាងមុន ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានចំពោះវិស័យទេសចរណ៍។
មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅប៉ែកអឺរ៉ុប និងបញ្ហាភូមិសាស្រ្តនយោបាយ ពុំបានជះឥទ្ធិពលខ្លាំងមកលើវិស័យទេសចរណ៍កម្ពុជាទេ ប៉ុន្តែពេលខ្លះវាក៏ក្លាយជាឱកាសទៅវិញ ដោយសារតែមានភ្ញៀវទេសចរបរទេសខ្លះមកលេងកម្សាន្ត តែពុំចង់វិលត្រលប់ទៅវិញ។ ឯកឧត្តម សូ ម៉ារ៉ា បន្តថា នៅពេលមានការតភ្ជាប់ជើងហោះហើរត្រង់ច្រើន នាពេលខាងមុខកម្ពុជានឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ខណៈបច្ចុប្បន្នការធ្វើដំណើររបស់ភ្ញៀវបរទេសភាគច្រើន គឺចុះចតនៅក្នុងប្រទេសទី២ រួចទើបបន្តដំណើរចូលមកលេងនៅកម្ពុជា។
ជាមួយគ្នានេះ លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានទទួលស្គាល់ចំពោះភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍។តែយ៉ាងណាអ្នកជំនាញរូបនេះ កត់សម្គាល់ថា មធ្យោបាយធ្វើដំណើររបស់អ្នកទេសចរមកកម្ពុជា មានការប្រែប្រួលខ្លះ ដោយក្នុងនោះ ការធ្វើដំណើរតាមយន្តហោះមានការកើនឡើង ជាងការធ្វើដំណើរតាមផ្លូវគោក បើធៀបនឹងរយៈពេលដូចគ្នា មុនពេលមានវិបត្តិជំងឺកូវីដ-១៩។
ការធ្វើដំណើរតាមផ្លូវអាកាសដែលមានការកើនឡើងនេះ ត្រូវបានប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីការកើនឡើងនៃជើងហោះហើរ ដែលសបញ្ជាក់ថា អ្នកធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗមានការកើនឡើងដែរ។
ទន្ទឹមនេះ លោក ជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា វិស័យទេសចរណ៍នៅតែមានការប្រឈមបញ្ហាមួយចំនួន ដោយសារការតភ្ជាប់ជើងហោះហើរត្រង់នៅមានកម្រិត។ក្រៅពីនេះ ការផ្សព្វផ្សាយ និងការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផលិតផលសេវាកម្មទេសចរណ៍ និងការជួយជ្រោមជ្រែងដល់សហគមន៍ទេសចរណ៍ នៅមូលដ្ឋាន ក៏នៅមានកម្រិតដែរ។តែយ៉ាងណាក៏ដោយ អ្នកជំនាញវិស័យទេសចរណ៍រូបនេះ ដាក់ក្ដីសង្ឃឹមថា វិស័យទេសចរកម្ពុជា ក្នុងឆ្នាំ២០២៤នេះ មានទទួលបានភាពប្រសើរច្រើន តាមរយៈការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ជុំវិញជើងហោះហើរនេះដែរ បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ជាមួយការហោះហើរក្នុង១សប្តាហ៍ ចំនួន៤ជើង។តាមរយៈការតភ្ជាប់នេះ ត្រូវបានគេរំពឹងថា វានឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុន ក្នុងការជួយជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងទំនាក់ទំនងការទូតផ្សេងៗផងដែរ៕
អត្ថបទ៖ បូ ដូឡា