ព្រឹទ្ធសភា

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អ និងមានតុល្យភាព


ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។
ព្រឹទ្ធសភា
ដោយ

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃកម្ពុជា ក៏បានណែនាំឱ្យសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ ត្រូវខិតខំបំពេញការងារ ប្រកាន់ភ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រកម្ពុជា។

នាពិធីបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជសុន្ទរកថា ថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ មិនតែប៉ុណ្ណោះ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិតស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកផងដែរ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ក្នុងអំឡុងពេល៤នីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃកម្ពុជាបានដំណើរការដោយរលូន ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាពវៃឆ្លាត និងត្រឹមត្រូវច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

តាមរយៈសមិទ្ធផលស្នាដៃ និងវឌ្ឍនភាព ក្នុងការអនុវត្តមុខងារស្នូលទាំងបី ព្រឹទ្ធសភាសម្រេចបាននូវលទ្ធផលវិជ្ជមានជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាពនយោបាយ និងការឯកភាពជាតិ លើកកម្ពស់ ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់នានា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាស្ពានតភ្ជាប់អំណាចរដ្ឋខាងលើទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់។

យ៉ាងណាមិញ ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្តានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តទៀតថា ក្នុងបរិបទនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។

បើតាមព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនឹងបរិយាបន្ន។

ទន្ទឹមនេះ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្ដីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាព នៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវសុភមង្គល ភាពសុខដុមរមនាយូរអង្វែងទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិទាំងមូល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រ១០០% ឱ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា

ព័ត៌មាន
ព្រឹទ្ធសភានីតិកាលទី៥ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេ…

វិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមទទួលសញ្ញាវិជ្ជមាននៅរយៈពេល៣ខែដើមឆ្នាំ២០២៤

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និង អ្នកជំនាញទេសចរណ៍ ក្នុងវិស័យឯកជន អះអាងថា រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ