តំណាងក្រុមហ៊ុន គិម សេង អ៊ិចប្រេស្ស ដឹកអ្នកដំណើរបានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ ពុំសូវមានពលរដ្ឋធ្វើដំណើរច្រើននោះទេ អាចដោយសារតែពួកគេកាត់បន្ថយការចំណាយ ដើម្បីសន្សំសំចៃថវិកា ស្របពេលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់កំពុងធ្វើឱ្យប៉ះពាល់ដល់ការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បញ្ហានេះអាចជំរុញឱ្យក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះពិចារណាដំឡើងថ្លៃសំបុត្រធ្វើដំណើរចំនួន១ដុល្លារបន្ថែមនាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការឡើងថ្លៃប្រេងឥន្ធនៈ។ តែយ៉ាងណា លោកបានសន្យាថា ក្រុមហ៊ុនខ្លួននឹងទម្លាក់តម្លៃមកវិញនៅពេលណាទីផ្សារប្រេងវិលមករកប្រក្រតីភាពដូចមុន។
ជាមួយគ្នានេះ លោក ឆឹម ចំណាន ប្រធានសមាគមដឹកអ្នកដំណើរ និងភស្តុការកម្ពុជា បានគូសបញ្ជាក់ថា ការឡើងថ្លៃប្រេងឥន្ធនៈបានបង្កផលប៉ះពាល់ដល់ប្រតិបត្តិករក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ពលរដ្ឋ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនខ្លះបានកាត់បន្ថយចំនួនជើងដឹកជញ្ចូនដោយសារពុំសូវមានអតិថិជនច្រើនដូចមុន។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ មានក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនបានដំឡើងថ្លៃធ្វើដំណើរចាប់ពី១ដុល្លារដល់២ដុល្លារ ដើម្បីទប់នឹងស្ថានភាពតម្លៃប្រេង ដែលកំពុងកើនឡើងគួរឱ្យបារម្ភ។
ដោយឡែកនៅក្នុងវិស័យដឹកជញ្ជូនទំនិញវិញ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបង្ហើបថា មានក្រុមហ៊ុនមួយចំនួនបានស្នើសុំអតិថិជនដំឡើងថ្លៃដឹកជញ្ជូនពី២៥% ទៅ៣០% ដើម្បីទប់ទល់នឹងបន្ទុកចំណាយ។ ទោះជាយ៉ាងណា ការដឹកជញ្ជូនទៅក្រៅប្រទេសនៅមិនទាន់មានសញ្ញាប្រែប្រួលខ្លាំងនៅឡើយទេ ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរ ប្រសិនបើស្ថានភាពសកលនៅតែបន្តអូសបន្លាយ។
សូមបញ្ជាក់ថា វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារការបិទខ្ទប់នាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រម៉ូស ដែលបញ្ហានេះកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៧-១៩ ខែមីនា តម្លៃប្រេងសាំងធម្មតាបានហក់ឡើងដល់៥,៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតហក់ដល់៦,៥៥០រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ បូ ដូឡា