វិស័យទេសចរណ៍

សហគមន៍នេសាទត្រពាំងសង្កែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តកំពត ដែលអាចផ្តល់ប្រាក់ចំណូលដល់ប្រជានេសាទរាប់រយដុល្លារក្នុង១ខែ


សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ គ្របដណ្តប់ដោយដើមកោងកាងដ៏ទាក់ទាញមួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលេងពេលមកលេងកម្សាន្តនៅខេត្តកំពត។ សហគមន៍ត្រពាំងសង្កែ ដែលស្ថិតនៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មិនត្រឹមតែជាតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ និងដើមកោងកាងប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយលើកកម្ពស់ជីវភាព និងផ្តល់ប្រាក់ចំណូលដល់ប្រជានេសាទរាប់រយដុល្លារក្នុង១ខែៗទៀតផង។
វិស័យទេសចរណ៍
ដោយ

លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានគូសបញ្ជាក់ថា តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ សហគមន៍អាចរកចំណូលបានជាមធ្យមចន្លោះពី៤០០ដុល្លារ ទៅដល់៦០០ដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងមួយខែ។ លើសពីនេះ វាក៏បានជួយលើកកម្ពស់ជីវភាពរបស់ប្រជានេសាទក្នុងសហគមន៍ឱ្យមានភាពល្អប្រសើរ និងរួមចំណែកជួយស្ដារគម្របព្រៃឈើឡើងវិញផងដែរ។ បើតាមការអះអាងរបស់ប្រធានសហគមន៍រូបនេះ រាល់ប្រាក់ចំណូលដែលទទួលបានពីសេវាកម្មស្នាក់នៅ ម្ហូបអាហារ ជិះទូក និងការដាំដើមកោងកាងរបស់ភ្ញៀវទេសចរ តម្រូវឱ្យបង់២០ភាគរយចូលទៅក្នុងសហគមន៍។

​ជាមួយគ្នានេះប្រជានេសាទអ្នកបើកទូកដឹកភ្ញៀវទេសចរនៅសហគមន៍នេសាទ ត្រពាំងសង្កែ បានអះអាងថា រៀងរាល់ថ្ងៃចុងសប្ដាហ៍ពួកគេអាចដឹកភ្ញៀវទេសចរដើរលេងកម្សាន្ត ឬទៅដាំដើមកោងកាងបានចន្លោះពី២ទៅ៣ជើងក្នុងមួយថ្ងៃ ដោយក្នុង១ជើងក្នុងចំណុះទូកដែលអាចជិះគ្នាបាន១០នាក់ មានតម្លៃពី៥ម៉ឺនរៀលទៅ៦ម៉ឺនរៀល។ ប៉ុន្តែបើនៅក្នុងអំឡុងពេលបុណ្យទានពួកគេអាចដឹកភ្ញៀវទេសចរបានចន្លោះពី៤ទៅ៦ជើងក្នុង១ថ្ងៃ។

​ជាមួយគ្នានេះ​ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ដែលបានចូលរួមដាំដើមកោងកាងជាមួយសារព័ត៌មានខេមបូណូមីសនៅសហគមន៍ខាងលើយល់ឃើញថា សហគមន៍គួរសិក្សារៀបចំផែនការ ក៏ដូចជាទីតាំងសម្រាប់ដាំដើមកោងកាងឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការទើសទាល់ណាមួយដល់ការអភិវឌ្ឍ​បន្ត ក៏ដូចជាដើម្បីបង្ការការកាប់ដើមកោងកាងនាពេលខាងមុខ។

​សូមបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់របស់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងការជួយលើកកម្ពស់និរន្ដរភាពបរិស្ថាន និងជីវៈចម្រុះសមុទ្រ ថ្នាក់ដឹកនាំ និងសហការីរបស់អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងនៅតំបន់អភិរក្ស នៃសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅខេត្តកំពត ដើម្បីរួមចំណែកជួយការពារបរិស្ថាន និងជីវៈចម្រុះ និងលើកកម្ពស់ការទាក់ទាញរបស់សហគមន៍ក្នុងការស្រូបទាញភ្ញៀវទេសចរ។

បើតាមការគូសបញ្ជាក់របស់លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ មានផ្តល់សេវាកម្មមួយចំនួនដល់ភ្ញៀវទេសចរដូចជាលក់ដើមកោងកាង ទូកសម្រាប់ជិះ ម្ហូបអាហារ និងកន្លែងស្នាក់នៅជាដើម។ ក្នុងនោះដើមកោងកាងមានតម្លៃ២​៥០០រៀលក្នុង១ដើមសម្រាប់ភ្ញៀវជាតិ និង៤ពាន់រៀលក្នុង១ដើមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ខណៈសេវាកម្មជួលទូកជិះកម្សាន្តតាមដងព្រែកក្នុងមួយទូកតម្លៃ៦ម៉ឺនរៀល ដោយជិះបានមនុស្ស១០នាក់ និងផ្ទះស្នាក់នៅតម្លៃ១២ដុល្លារអាម៉េរិកក្នុងមួយយប់គេងបានចំនួន៤នាក់៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញថា កត្តាអាកាសធាតុ និងទីផ្សារធ្លាក់ចុះ កំពុងទាញទម្លាក់តម្លៃនាំចេញចេកអំបូងលឿងរបស់កម្ពុជា នៅឆ្នាំនេះ

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ១១ខែ ឆ្នាំ២០២៤នេះ សម្រេចបានក្នុងតម្លៃទឹក…

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ