អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា ករណីជនជាតិចិនជាន់មីននេះគ្រាន់តែជាឆាកល្ខោនសម្តែងរបស់ថៃ ដើម្បីបន្លំក្រសែភ្នែកអន្តរជាតិ និងក្នុងចេតនាទុច្ចរិតចង់រុញឱ្យកម្ពុជា មានភាពតានតឹងជាមួយចិន តែប៉ុណ្ណោះ។ តែយ៉ាងណាអ្នកជំនាញស្នើរាជរដ្ឋាភិបាលកម្ពុជា គួរស្នើឱ្យសហគមន៍អន្តរជាតិ បើកការស៊ើបអង្កេតលើករណីនេះ និងដាក់កំណត់ទូតបកស្រាយទៅកាន់ភាគីចិន ជាដើម។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកករណីជនជាតិចិន ដើរជាន់មីនផ្ទុះបណ្តាលឱ្យរបួសដាច់ជើងកាលពីពេលថ្មីៗគ្រាន់តែជាឆាកល្ខោនរបស់ថៃ ដែលរៀបចំឡើងដើម្បីក្នុងគោលបំណងទុច្ចរិតធ្វើឱ្យចិន មានការយល់ច្រឡំមកលើកម្ពុជា ដើម្បីឱ្យចិនចូលរួមជាមួយខ្លួនចោទប្រកាន់កម្ពុជា ថា បានបង្កប់មីនថ្មីប្រឆាំងមនុស្សជាតិ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ថៃ ហាក់កំពុងចង់បំបែកបំបាក់មិត្តភាពដែកថែបរវាងកម្ពុជា និងចិន ក៏ជាញុះញង់ឱ្យចិន ដកទំនុកចិត្តពីកម្ពុជា លែងមានធ្វើពាណិជ្ជកម្ម និងផ្ដល់ជំនួយជាដើម។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យភាគីចិន ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា គួរមានការវិនិច្ឆ័យឱ្យបានច្បាស់លាស់ចៀសវាងធ្លាក់ក្នុងអន្ទាក់របស់ថៃ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជា គួរស្នើឱ្យមានការស៊ើបអង្កេតខ្នាតអន្តរជាតិ លើបញ្ហាមីននេះ ចៀសវាងថៃ ចោទកម្ពុជា ម្តងហើយម្តងទៀតតាមតែអំពើចិត្ត។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា ការចុះផ្សាយចោទប្រកាន់កម្ពុជា បង្កប់មីនថ្មីក្នុងដឹកដីថៃនេះ ហាក់ធ្វើឡើងមិនមានមូលដ្ឋាន និងហេតុផលត្រឹមត្រូវនោះឡើយ ព្រោះកម្ពុជា មិនអាចចូលទៅបង្កប់មីនក្នុងទឹកដីថៃ ដោយងាយស្រួលនោះទេ។ អ្នកជំនាញរូបនេះបានចាត់ទុកការទម្លាក់កំហុសមកលើកម្ពុជា ពីសំណាក់ភាគីថៃនេះ ជារឿងដែលឥតខ្មាស់អៀន។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា គួរធ្វើសន្និសីទឆ្លុះបញ្ចាំងពីភាពពិត ដោយបង្ហាញថា ជនជាតិចិន ដែលឆ្លងដែននោះមិនមែនជាភ្ញៀវទេសចរនៅកម្ពុជា និងគួរធ្វើកំណត់ទូតទៅអង្គការសហប្រជាជាតិ ដើម្បីស្ដារ និងរក្សាកិត្តិយសរបស់កម្ពុជា ឱ្យខាងតែបាន។
ដោយឡែកលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា ក្នុងករណីការជាន់មីនផ្ទុះរបស់ជនជាតិចិន កើតឡើងក្នុងដែនអធិបតេយ្យភាពខ្មែរ នោះភាគីថៃ គ្មានសិទ្ធិលើកឡើង ដើម្បីដាក់សម្ពោធលើកម្ពុជា ឡើយ ព្រោះថៃ មិនមានដែនសមត្ថកិច្ចនោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរសិក្សាឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់របស់ជនជាតិចិន ដើម្បីចៀសវាងការចោទប្រកាន់គ្មានមូលដ្ខានរបស់ថៃ មកលើកម្ពុជា។ ជំនាញរូបនេះកត់សម្គាល់ឃើញថា ប្រសិនចិន ធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ថៃ មែន នោះចិន ទំនងជាមិនអាចផ្ដល់យុត្តិធម៌សមស្របដល់កម្ពុជា នោះទេ។ លើសពីនេះ កម្ពុជា គួររាយការណ៍លម្អិតជុំវិញរឿងមីននេះទៅកាន់រដ្ឋាភិបាលចិន បំភ្លឺជុំវិញករណីនេះ ដើម្បីកុំឱ្យចិន មានការយល់ច្រឡំ។
ក្រោយកើតមានករណីជនជាតិចិន ជាន់មីនខាងលើ ក្រសួងការពារជាតិកម្ពុជា បានចេញអះអាងថា ជនជាតិចិន ឈ្មោះ SHI JINGUI ដែលអាជ្ញាធរថៃ បានផ្សាយថា ជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ពុំមានឈ្មោះក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ ហើយបានសង្កត់ធ្ងន់ថា គ្រាប់មីនដែលជនជាតិចិនរូបនេះបានដើរជាន់ គឺជាគ្រាប់មីនចាស់មិនទាន់ផ្ទុះ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជាមួយគ្នានេះ ប្រមុខក្រសួងការពារជាតិ បានបដិសេធរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃ ហើយបានបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលបានដាក់មីនថ្មីប្រឆាំងមនុស្សជាតិឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា