រដ្ឋបាលលោក ត្រាំ

រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យសកលវិទ្យាល័យហាវើដ ឈប់ទទួលយកនិស្សិតអន្តរជាតិ


ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក បានចេញបទបញ្ជាឱ្យសកលវិទ្យាល័យហាវើដ ដ៏ល្បីល្បាញរបស់អាម៉េរិក បញ្ឈប់កម្មវិធីចុះឈ្មោះចូលរៀនរបស់និស្សិតអន្តរជាតិ ចាប់ពីពេលនេះតទៅ និងបានចាត់ទុកបទបញ្ជានេះ ជាបំណងល្អរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រាប់សកលវិទ្យាល័យដ៏ល្បីមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
រដ្ឋបាលលោក ត្រាំ
ដោយ

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូម (Kristi Noem) បានប្រកាសតាមបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាឱ្យបញ្ចប់កម្មវិធីផ្លាស់ប្ដូរនិស្សិតអន្តរជាតិ នៅសកលវិទ្យាល័យហាវើដ ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក។ តាមរយៈវិធានការនេះ មានន័យថា សកលវិទ្យាល័យនេះមិនអាចទទួលយកនិស្សិតអន្តរជាតិ បានទៀតឡើយ ចាប់តាំងពីពេលនេះតទៅ ហើយនិស្សិតអន្តរជាតិណាដែលបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យនេះរួចហើយ ត្រូវផ្ទេរឱ្យទៅរៀននៅសកលវិទ្យាល័យផ្សេង បើមិនដូច្នេះទេ ពួកគេនឹងបាត់បង់ឋានៈស្របច្បាប់ស្នាក់នៅសហរដ្ឋអាម៉េរិក។

ក្រសួងនេះ បានចាត់ទុកការដាក់ចេញវិធានការរបស់លោក ត្រាំ នេះ ជាបំណងល្អដើម្បីជួយសកលវិទ្យាល័យហាវើដក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ការប្រឆាំងសាសនា និងការសម្របសម្រួលជាមួយនឹងបក្សកុម្មុយនីស្តចិន នៅក្នុងបរិវេណសាលាមួយនេះ។

ឆ្លើយតបនឹងចំណាត់ការនេះ សកលវិទ្យាល័យហាវើដ បានចេញសេចក្ដីថ្លែងការណ៍មួយដោយបានហៅចំណាត់ការនេះថា ខុសច្បាប់ និងជាការសងសឹកមួយ ហើយសកលវិទ្យាល័យបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងនៅតែរក្សាលទ្ធភាពរបស់ខ្លួនក្នុងការទទួលយកនិស្សិត និងអ្នកប្រាជ្ញអន្តរជាតិ ដែលមកពីជាង១៤០ប្រទេសជាបន្តទៀត។

សូមរំលឹកថា សកលវិទ្យាល័យហាវើដ បានចុះឈ្មោះនិស្សិតអន្តរជាតិ ជិត៧ពាន់នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលស្មើនឹង២៧%នៃការចុះឈ្មោះចូលរៀនសរុបរបស់សាលាដ៏ល្បីជាងគេបំផុតលើពិភពលោកមួយនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ចាត់ទុកការផាកពិន័យរបស់តុលាការថៃលើខ្លួនចំនួន៣០៥លានដុល្លារជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត

តុលាការថៃបានសម្រេចផាកពិន័យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅបរទេសចំនួន៣០៥លានដុល្លារ ហើយនេះជាសញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ