អាមេរិកបាញ់ទម្លាក់បាឡុងចារកម្មិចិន

ចិនព្រមានឆ្លើយតបវិញ ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្ម ខណៈប៉េកាំងថា ជាឧបការណ៍ស៊ីវិល


នៅទីបំផុតដូចគេស្មានមិនខុសមែន សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន បានសម្រេចបាញ់ទម្លាក់បាឡុងដែលគេសង្ស័យថាជាឧបករណ៍ចារកម្មរបស់ប្រទេសចិននៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ពោលគឺនៅមួយសប្តាហ៍បន្ទាប់ពីវាបានហោះចូលក្នុងដែនអាកាសអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតធំៗ។
បាឡុងចារកម្មចិនកំពុងធ្វើឱ្យទំនាក់ទំនងវ៉ាស៊ីនតោន-ប៉េកាំងប្រេះស្រាំកាន់តែខ្លាំង!

ក្រោយទទួលដំណឹងនេះ ទីក្រុងប៉េកាំងបានចេញមុខមកបដិសេដ មិនព្រមទទួលស្គាល់ ហើយបែរជាព្រមានទីក្រុងវ៉ាស៊ីនតោនវិញថា ខ្លួនមានសិទ្ធនឹងធ្វើការឆ្លើយតបវិញ និងថាអាមេរិកបានរំលោភអនុសញ្ញាអន្តរជាតិព្រោះបាឡុងនោះគឺជាឧបការណ៍ស្រាវជ្រាវស៊ីវិលតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាជាបាឡុងចារកម្មនោះទេ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាឱ្យកងទ័ពជើងអាកាសអាមេរិកធ្វើការបាញ់ទម្លាក់បាឡុងចារកម្មនោះ បើទោះបីជាមន្ទីរបញ្ជកោណអាមេរិកបានផ្តល់អនុសាសន៍ឱ្យលោករងចាំសិនរហូតដល់បាឡុងនោះហោះលើដែនទឹកបើកចំហរទើបបាញ់កម្ទេចដើម្បីការពារជនស៊ីវិលពីកំទេចកំទីដែលធ្លាក់មកទឹកដីអាមេរិក។

ក្រោយចេញបញ្ជា កងទ័ពជើងអាកាសដែលមានយន្តហោះចម្បាំងជាច្រើនគ្រឿងត្រូវបានគេឱ្យដឹងថា បានត្រៀមចូលរួមក្នុងបេសកកម្ម ប៉ុន្តែមានតែយន្តហោះចម្បាំងតែមួយគត់ពីមូលដ្ឋានទ័ពអាកាស Langley ក្នុងរដ្ឋ Virginia គឺយន្តហោះប្រភេទ F-22 បានបាញ់ទម្លាក់បាឡុងនោះនៅម៉ោង២និង៣៩នាទីរសៀល។ បើតាមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា ការបាញ់នោះគឺប្រើប្រាស់មីស៊ីល AIM-9X supersonic ដែលជាកាំជ្រួចបាញ់ពីអាកាសទៅអាកាស។

មិនចាំយូរក្រោយដំណឹងាការបាញ់ទម្លាក់នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទទួលខុសត្រូវលើរឿងនេះហើយថែមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើបាឡុងរបស់ខ្លួន ដោយបានលើកឡើងថា បាឡុងនោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧតុនិយម និងវិទ្យាសាស្រ្តប៉ុណ្ណោះ តែវាបានហោះចូលក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក «ដោយចៃដន្យទាំងស្រុង» ពោលគឺមិនមានការបញ្ជាពីក្រោយនោះទេ។

បើតាមសចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា៖ «ប្រទេសចិនបានស្នើឱ្យសហរដ្ឋអាមេរិកយ៉ាងច្បាស់ដើម្បីដោះស្រាយរឿងនេះឱ្យបានត្រឹមត្រូវក្នុងលក្ខណៈស្ងប់ស្ងាត់ ប្រកបដោយវិជ្ជាជីវៈ និងការអត់ធ្មត់»។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនៅតែសម្រេចប្រើកម្លាំង ហើយវាគឺជាប្រតិកម្មហួសហេតុ។ ប្រទេសចិនបានអះអាងម្តងហើយម្តងទៀតថា បាឡុងនោះគឺជា «នាវាអាកាសស៊ីវិល» ហើយមិនមែនជាឧបករណ៍ចារកម្មដូចដែលមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកចោទប្រកាន់នោះទេ។

បើតាមសេចក្តីថ្លែងការណ៍ដដែល បានចាត់ទុកការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនថាបានរំលោភលើអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសដែលពាក់ព័ន្ធ ហើយរក្សាសិទ្ធិក្នុងការឆ្លើយតបវិញ។

មន្ត្រីរដ្ឋបាលអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយបន្ទាប់ពីបាញ់ទម្លាក់បាឡុងនោះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ជាព័ត៌មានដោយផ្ទាល់ទៅប្រទេសចិនអំពីសកម្មភាពនេះ ហើយក្រសួងការបរទេសអាមេរិកក៏បានប្រាប់ទៅកាន់សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូជុំវិញពិភពលោកផងដែរ។

គួររំឭកថា បាឡុងដែលគេសន្មត់ថាជាឧបករណ៍ចារកម្មនេះបានហោះចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកក្នុងរដ្ឋអាឡាស្កាកាលពីថ្ងៃទី ២៨ ខែមករា មុនពេលផ្លាស់ទីចូលទៅក្នុងដែនអាកាសកាណាដានៅថ្ងៃទី៣០ខែមករា។ បន្ទាប់មក វាបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកម្តងទៀតនៅលើភាគខាងជើងរដ្ឋ Idaho នៅថ្ងៃទី ៣០ ខែមករា មុននឹងត្រូវបានបាញ់ទម្លាក់៕




អត្ថបទបន្ទាប់


អេសស៊ីជីប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ និងយុទ្ធសាស្ត្រ​ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល បញ្ហាគីមីឥន្ធនៈ ជំរុញអាជីវកម្មបៃតង

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាសពីលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ ដែលបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីការលក់ ប៉ុន្តែ ប្រាក់ចំណេញម…

តើកូរ៉េខាងត្បូងនឹងដើរតាមខ្លួនជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរាំងខ្ទប់ពាណិជ្ជកម្មបន្ទះឈីបជាមួយចិន ឬយ៉ាងណា?

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងត្រូវបានគេដឹងថា មានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយនឹងមហាយក្សចិន ពិសេសលើបច្ចេកវិទ្យា និងបន្ទះឈីប បើទោះបីជា ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ