វិស័យធនាគារ

តើលោក Scott Bessent ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីរតនាគារជានរណា និងមានប្រវត្តិអស្ចារ្យបែបណា?


ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានតែងតាំងលោក ស្កុត បេសឹន (Scott Bessent) វ័យ៦២ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងរតនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។ តើលោក ស្កុត បេសឹន (Scott Bessent) ជានរណា និងមានប្រវត្តិអស្ចារ្យបែបណា ទើបទទួលបានការជឿទុកចិត្តពីលោក ដូណាល់ ត្រាំ ខ្លាំងបែបនេះ?
វិស័យធនាគារ
ដោយ

លោក ស្កុត បេសឹន (Scott Bessent) គឺជានាយកគ្រប់គ្រងមូលនិធិវិនិយោគឈានមុខដ៏ល្បីល្បាញមួយរូបដែលលោក ដូណាល់ ត្រាំ សរសើរមិនដាច់ពីមាត់ និងតែងតាំងជារដ្ឋមន្ត្រីក្រសួងរតនាគារជំនួសតំណែងរដ្ឋមន្ត្រីរតនាគារបច្ចុប្បន្ន គឺលោកស្រី ជេណេត យេឡេន (Janet Yellen)។

តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២៥ បានលើកឡើងថា លោក ស្កុត បេសឹន (Scott Bessent) ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់យ៉ាងទូលំទូលាយថា ជាវិនិយោគិនអន្តរជាតិឈានមុខដ៏គួរឱ្យគោរពស្ញប់ស្ញែងបំផុតមួយរូបរបស់ពិភពលោក និងជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយកេរ្ដិ៍ឈ្មោះ និងភាពជោគជ័យរបស់លោកតំណាងឱ្យក្ដីសុបិនរបស់អាម៉រិក​​។

លោក ស្កុត បេសឹន (Scott Bessent) ដែលបានជួយលុយយ៉ាងច្រើនដល់យុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០២៤ នេះនឹងក្លាយជាអន្តរការីដ៏សំខាន់មួយរូបរវាងសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street និងសេតវិមាន ដែលគ្រោងនឹងអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលមានលក្ខណៈគាំពារនិយមខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលមានលក្ខណៈគាំពារនិយមនោះ គឺសំដៅដល់សំណើរបស់លោក ដូណាល់ ត្រាំ ឱ្យកំណត់យកពន្ធគយរហូតដល់ទៅ៦០% លើទំនិញនាំចូលរបស់ចិន ហើយយកពន្ធគយចន្លោះពី១០% ទៅ២០% លើទំនិញបរទេសទាំងអស់ដែលនាំចូលទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក។

លោក ស្កុត បេសឹន (Scott Bessent) បានបង្កើតក្រុមហ៊ុនវិនិយោគលំដាប់ពិភពលោកមានឈ្មោះថា Key Square Group ក្នុងឆ្នាំ២០១៥ បន្ទាប់ពីលោកបានកាន់មុខតំណែងជាប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអាម៉េរិកមានឈ្មោះថា Soros Fund Management ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥។ ក្រុមហ៊ុន Soros Fund Management ត្រួវបានដាក់ឈ្មោះតាមលោក George Soros ដែលជាម្ចាស់ជំនួយដ៏ធំមួយរូបសម្រាប់គណបក្សប្រជាធិបតេយ្យ។

អំឡុងពេលបម្រើការងារនៅក្រុមហ៊ុន Soros Fund Management លោក ស្កុត បេសឹន (Scott Bessent) បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោករកប្រាក់ចំណេញឱ្យក្រុមហ៊ុនបានរហូតដល់ទៅជិត១ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលត្រឹមតែ៣ខែ តាមរយៈការសម្រុកលក់ចេញប្រាក់យ៉េនរបស់ជប៉ុន ហើយសម្រុកទិញចូលវិញពេលលុយយ៉េនធ្លាក់ថ្លៃ។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ

មកទល់ពេលនេះកម្ពុជា និងវៀតណាម នៅមិនទាន់បានឯកភាពគ្នាលើការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ ខណៈគម្រោងផ្លូវល្បឿ…

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ត្រូវបានគេព្យាករថា នឹងឡើងដល់៣៦ពាន់លានដុល្លារនៅឆ្នាំនេះ

សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនដល់ទំហំ៣៦ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ មានការកើនឡើង១៦% បើធៀបនឹងឆ្នាំ២០២៣។ តាមរយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ