
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា ប្រទេសអ៊ុយក្រែន មិនគួរណាចាប់ផ្តើមសង្រ្គាមកាលពី៣ឆ្នាំមុននោះឡើយ។ ពាក្យសម្ដីនេះបានបង្កឱ្យមានការរិះគន់ពីប្រជាពលរដ្ឋទូទាំងពិភពលោក។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុនប្រធានាទី៤៧របស់សហរដ្ឋអាម៉េរិករូបនេះ បានក្រឡាស់ពាក្យសម្តីវិញថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន តាមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
ទន្ទឹមនឹងការក្រឡាស់ពាក្យសម្តី ប្រធានាធិបតីរូបនេះ ឆ្លៀតរិះគន់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន នៅពេលនោះ គួរតែចាត់វិធានការ ដើម្បីបញ្ចៀសការឈ្លានពាននេះ។ ជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងថា អាម៉េរិក និងអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយដោយឡែកពីនេះ កាលពីថ្ងៃសុក្រ ថា ក្រុមមន្ត្រីរបស់អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក កំពុងធ្វើការលើសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ហើយលោកសង្ឃឹមថានឹងមានលទ្ធផលប្រកបដោយភាពយុត្តិធម៌។
សូមរំលឹកថា លោក ហ្សេឡិនស្គី បានច្រានចោលសំណើរបស់សហរដ្ឋអាម៉េរិក ដែលទាមទារកាន់កាប់ធនធានរ៉ែកម្ររបស់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់៥០០ពាន់លានដុល្លារអាម៉េរិក ដោយសារវាលើសពីកម្រិតជំនួយរបស់អាម៉េរិក ដែលផ្តល់ឱ្យអ៊ុយក្រែន គួបផ្សំកិច្ចព្រមព្រៀងនេះមិនមានការធានាសុវត្ថិភាពដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខ មង្គល