មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររឹងត្អឹងមិនទទួលស្គាល់លោក ម៉ូតាបា ខាមេនី ដែលត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បន្តពីឪពុករបស់លោក គឺលោក អាលី ខាមេនី ដែលត្រូវបានកងកម្លាំងចម្រុះអាម៉េរិក និងអ៊ីស្រាអែលវាយប្រហារតាមអាកាសរហូតបាត់បង់ជីវិត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក ម៉ូតាបា នៅក្មេងខ្ចីពេកសម្រាប់តំណែងដ៏មានឥទ្ធិពលនេះ។ លោកបានព្រមានថា ប្រសិនបើបុរសរូបនេះឡើងកាន់អំណាច វានឹងក្លាយជាសញ្ញាគ្រោះថ្នាក់មួយ ព្រោះចរិតនិយមសង្គ្រាមរបស់គេនឹងដុតកម្ដៅជម្លោះក្នុងតំបន់ឱ្យកាន់តែសន្ធោសន្ធៅ ដែលនេះជាអ្វី ដែលសហរដ្ឋអាម៉េរិកមិនអាចឈរឱបដៃមើលបានឡើយ។
លោក ត្រាំ បានថ្លែងក្នុងន័យព្រមានថា៖«យើងត្រូវការមេដឹកនាំអ៊ីរ៉ង់ណាដែលស្វែងរកសន្តិភាព និងភាពសុខដុមរមនាពិតប្រាកដជូនប្រជាជន មិនមែនអ្នកដែលនាំភ្លើងសង្គ្រាមនោះទេ។ ប្រសិនបើអ៊ីរ៉ង់មិនអាចរកមេដឹកនាំដែលល្អជាងនេះទេ អាម៉េរិកប្រហែលជាគ្មានជម្រើសក្រៅពីប្រើវិធានការក្ដៅបន្ថែមទៀតនាពេលអនាគតនោះឡើយ»។
ក្រុមអ្នកវិភាគមើលឃើញថា សម្ដីរបស់លោក ត្រាំ មិនមែនគ្រាន់តែជាការរិះគន់ធម្មតានោះទេ ប៉ុន្តែវាគឺជា សារនយោបាយយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យប្រជាជនអ៊ីរ៉ង់ក្រោកឈរឡើងតវ៉ា ដើម្បីទាមទារសិទ្ធិសេរីភាព និងម្ចាស់ការលើវាសនាប្រទេសជាតិខ្លួនឯងវិញ។
ជាមួយគ្នានេះលោក ត្រាំ ហាក់កំពុងផ្ដល់ភ្លើងខៀវ និងលើកទឹកចិត្តដល់កងកម្លាំងឃឺដអ៊ីរ៉ង់ ឱ្យបន្តវាយលុកប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ។ ក្រោមរដ្ឋបាលរបស់លោក ត្រាំ ទំនាក់ទំនងរវាងអាម៉េរិក និងក្រុមឃឺដកាន់តែស្អិតរមួត ជាពិសេសបន្ទាប់ពីប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់ ដែលសបញ្ជាក់ថា លោក ត្រាំ នឹងបន្តស៊ើបអង្កេត និងគាំទ្ររាល់ចលនាទាំងឡាយណា ដែលប្រឆាំងនឹងរបបដឹកនាំផ្ដាច់ការនៅទីក្រុងតេអេរ៉ង់៕
ដោយ: សរ សុជាតិ