កិច្ចព្រមសន្តិភាពរវាងកម្ពុជា និងថៃ

លោក ត្រាំ បានចាត់ទុកកិច្ចព្រមសន្តិភាពរវាងកម្ពុជា និងថៃ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិក អាចលក់អាវុធដល់កម្ពុជា ឡើងវិញ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញមោកភាពយ៉ាងខ្លាំងនៅចំពោះមុខក្រុមមេដឹកនាំអាស៊ាន ដែលខ្លួនបានជួយសម្របសម្រួលឱ្យកម្ពុជា និងថៃ ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាចឈានទៅបញ្ចប់ជម្លោះព្រំដែនទាំងស្រុងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិក អាចលក់អាវុធដល់កម្ពុជាឡើងវិញ ក្រោយផ្អាកអស់រយៈពេលច្រើនឆ្នាំ និងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ក៏ដូចជាបង្កើតចំនួនកូតានិស្សិតក្នុងសិក្សាជំនាញយោធានៅអាម៉េរិក សម្រាប់កម្ពុជា ផងដែរ។
កិច្ចព្រមសន្តិភាពរវាងកម្ពុជា និងថៃ
ដោយ

នៅចំពោះមុខក្រុមមេដឹកនាំអាស៊ានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ​បានចាត់ទុកការសម្រេចបានកិច្ចព្រម​ព្រៀងសន្តិសភាពរវាងកម្ពុជា និងថៃជាសមិទ្ធផលប្រវត្តិសាស្ត្រមួយសម្រាប់ខ្លួន ព្រោះវានឹងឈានទៅបញ្ចប់ជម្លោះព្រំដែនទាំងស្រុងរវាងប្រទេសទាំងពីរ។​ នេះបើតាមការបញ្ជាក់របស់សេតវិមានអាម៉េរិក ដែលបានបន្ថែមថា តាមរយៈការជួយសម្របសម្រួលរបស់អាម៉េរិក បានជួយឱ្យប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសន្តិភាពរយៈពេលវែង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

តាមការស្នើសុំរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងស្របតាមការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ប្រទេសថៃ នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលត្រូវបានថៃចាប់ និងឃុំខ្លួនតាំងពីខែកក្កដា កន្លងទៅនេះ ដោយសេតវិមានបានចាត់ទុកសមិទ្ធផលនេះថា ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការទូតអន្តរជាតិ ហើយមានតែលោក ត្រាំ ប៉ុណ្ណោះដែលអាចធ្វើបាន។

បើតាមការបញ្ជាក់របស់សេតវិមាន សហរដ្ឋអាម៉េរិក និងកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងបើកផ្លូវឱ្យក្រុមហ៊ុនអាម៉េរិកអាចនាំទំនិញយ៉ាងច្រើនរួមទាំងផលតិផលម្ហូបអាហារ កសិកម្ម និងផលិតផលឧស្សាហកម្មដោយគ្មានរបាំងពន្ធ ដែលនឹងជួយឱ្យទំនិញអាម៉េរិកកាន់តែមានភាពប្រកួតប្រជែងជាមួយទំនិញរបស់ប្រទេសផ្សេងៗ។

ពាក់ព័ន្ធទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក សេតវិមានបានសង្កត់ធ្ងន់ថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរហាក់មានភាពល្អប្រសើរច្រើនជាងមុន។

ដោយផ្អែកលើការស្វែងរកសន្តិភាព និងការពង្រឹងផ្នែតសន្តិសុខរបស់កម្ពុជា សហរដ្ឋអាម៉េរិកបានសម្រេចដកបម្រាមលើការលក់អាវុធដល់កម្ពុជា ចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ បន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១៧។ លើសពីនេះ អាម៉េរិកបានបង្កើនកូតាសម្រាប់និស្សិតកម្ពុជាក្នុងការទៅបន្តការសិក្សានៅមហាវិទ្យាល័យយោធានៅអាម៉េរិកដូចជា West Point, Air Force Academy និងស្ថាប័នឧត្តមសិក្សាយោធាផ្សេងៗទៀត។ ជាមួយគ្នានេះ សហរដ្ឋអាម៉េរិក និងកម្ពុជា ក៏បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ប្តេជ្ញានឹងបន្តធ្វើជាដៃគូដ៏រឹងមាំសម្រាប់អាស៊ានជាច្រើនជំនាន់ទៅមុខទៀត

នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើជាដៃគូដ៏រ…

ជប៉ុន និងអាម៉េរិកនឹងរួមដៃគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងបណ្តាញ 6G ដើម្បីប្រជែងជាមួយចិន

ជប៉ុន និងសហរដ្ឋអាម៉េរិក គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការរួមគ្នាលើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធអ៊ីនធឺណិត៦ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ