សង្គ្រាម​ពាណិជ្ជកម្មអាមេរិក-ចិន ប៉ះពាល់ធំដល់ពាណិជ្ជកម្មក្រុមហ៊ុន Huawei

ទីបំផុត Huawei សម្រេចចិត្តទាំងលំបាកបំផុត ដើម្បីកាត់បន្ថយបុគ្គលិក ៦០០នាក់ ធ្វើការនៅអាមេរិក


ក្រុមហ៊ុន Huawei បានសម្រេចកាត់បន្ថយ បុគ្គលិកចំនួន ៦០០នាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដែលស្មើនឹង ២ភាគ៣ ទៅហើយ នៃចំនួនបុគ្គលិកសរុប។ ការសម្រេចដូច្នេះ ក៏ដោយសារតែ រដ្ឋាភិបាលអាមេរិក បានដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅ។
បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក (http://www.ejinsight.com)

ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់ Huawei ដែលមាន​ឈ្មោះថា​ Future Wei Technologies ដែលមាន​ជំនាញ​ផ្នែក​ស្រាវជ្រាវ និងអភិវឌ្ឍន៍ នឹងធ្វើការ​កាត់បន្ថយ​បុគ្គលិក​ជាង ៦០០នាក់ ដោយលើក​ហេតុផលថា ត្រូវការ​កាត់បន្ថយ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន ព្រោះមាន​គំនាបសង្កត់​ពី រដ្ឋាភិបាល​អាមេរិក។

រដ្ឋាភិបាល​អាមេរិក ដាក់ Huawei ចូលទៅ​ក្នុង​បញ្ជីខ្មៅ បានធ្វើឲ្យ ការបញ្ជូន​បច្ចេកវិទ្យា​ពី ក្រុមហ៊ុន Future Wei ទៅកាន់​ក្រុមហ៊ុនមេ Huawei ក្លាយជា​មិនស្របច្បាប់​ទៅវិញ ហើយបញ្ជី​ខ្មៅនេះ ក៏បានហាមឃាត់​ Huawei ពីការទិញ​ទំនិញ​ពីក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ថែមទៀតផង។

នៅក្នុងសេចក្តីប្រកាស​របស់ ក្រុមហ៊ុន Huawei បាន​ឲ្យដឹងថា ការសម្រេចចិត្តនេះ គឺពិតជា​ពិបាក​ខ្លាំងណាស់ ក៏ប៉ុន្តែ ក្រុមហ៊ុន​ Future Wei​ នៅតែដំណើរការ ដោយអនុលោម​យ៉ាងតឹងរ៉ឹង​បំផុត​ជាមួយនឹង​ច្បាប់ និងបទ​បញ្ជារបស់ សហរដ្ឋអាមេរិក។

បើយោងតាម​របាយការណ៍​ពី ការិយាល័យ​ប៉ាតង់ និងពាណិជ្ជសញ្ញា​អាមេរិក បានបញ្ជាក់​ថា ក្រុមហ៊ុន Future Wei បានស្នើ​សុំប៉ាតង់​ជាង ២ពាន់ប៉ាតង់ នៅក្នុងផ្នែក​ជាច្រើន​ដូចជា ទូរគមនាគមន៍ បណ្តាញអ៊ីនធើណែត​ 5G បច្ចេកវិទ្យា​វីដេអូ និងកាមេរ៉ា​ជាដើម។

មុនការកាត់​បន្ថយ​បុគ្គលិកនេះ នៅក្នុង​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន ​Huawei បាន​ជួលបុគ្គលិក​ជាង ១.៥០០នាក់ ដែលធ្វើការ​ក្នុងខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ផ្នែកបម្រើ​អតិថិជន និងការងារ​សាធារណៈជាដើម ហើយការចំណាយ​ទៅលើ ក្រុមហ៊ុន Future Wei គឺប្រមាណ​ជាង ៥០០លាន​ដុល្លារអាមេរិក កាល​ពីឆ្នាំមុន។

សូមបញ្ជាក់ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុង បញ្ជីត្រួត​ពិនិត្យ កាលពី​ខែឧសភា កន្លងទៅនេះ ដែល​ហាមឃាត់ ក្រុមហ៊ុន​អាមេរិក មិនឲ្យ​នាំចេញ និងលក់​ផលិតផល​អេឡិចត្រូនិក ទៅឲ្យក្រុមហ៊ុន​ចិនឡើយ ក៏ប៉ុន្តែ​ក្រោយការ​ជួបពិភាក្សា​គ្នាជាថ្មី រវាងមេដឹក​នាំនៃប្រទេស​អាមេរិក និងចិន នៅចុង​ខែមិថុនានេះ គឺលោក ដូណាល់ ត្រាំ យល់ព្រមតាម​សំណើរបស់​លោក ស៊ី ជីនពីង អនុញ្ញាត​ឲ្យ ក្រុមហ៊ុន Huawei ទិញ​ផលិតផល​របស់​អាមេរិក ដែលមិនប៉ះពាល់​សន្តិសុខ​ជាតិ តែបើគិត​មកទល់​ពេលនេះ អាមេរិក ពុំទាន់បើក​ផ្លូវឲ្យ Huawei​ វិញនៅ​ឡើយនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ABA ទទួលបានកាអនុម័តឲ្យបោះផ្សាយមូលបត្របំណុលតម្លៃជាង ៣២លានដុល្លារ

ព័ត៌មាន
ធនាគារវឌ្ឍនៈ អាស៊ី ចំាកាត់ ហៅកាត់ថា ABA ទទួលបានការអនុម័តលើ សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈហើយ ពីគណៈកម្មការមូលបត្រកម្ពុជា។…

ថៃកំពុងច្បាមយកវិនិយោគិនជប៉ុន និងចិន ឲ្យចូលមកច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួន ៤ មកពីប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាប្រទេស ជប៉ុន និង ចិន ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូររោងចក្រផលិតរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ