
តាមរយៈវិធានការពន្ធនេះបានបង្ហាញឱ្យឃើញថា ឥណ្ឌាព្រោះតែចង់ចំណេញពីការទិញប្រេង និងឧស្ម័នរុស្ស៊ី ដែលលក់ឱ្យក្រោមតម្លៃទីផ្សារ តែបែរជាដាច់ចំណងទៅវិញ។ ពន្ធគយ៥០%នេះ ស្ថិតក្នុងចំណោមពន្ធខ្ពស់បំផុត ដែលបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិកប្រឈម។ នេះបើយោងតាការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបភ្លាមៗទៅនឹងសេចក្ដីប្រកាសរបស់សហរដ្ឋអាម៉េរិក ជុំវិញការដំឡើងពន្ធបន្ថែម ២៥% សរុបឈានដល់៥០% លើទំនិញឥណ្ឌានាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ ក្រសួងការបរទេសឥណ្ឌាបានប្រតិកម្មថា ការដំឡើងពន្ធខ្ពស់កប់ពពករបស់អាម៉េរិកលើឥណ្ឌា ជារឿងអយុត្តិធម៌ មិនត្រឹមត្រូវ និងគ្មានហេតុផល ហើយឆ្លៀតបកស្រាយថា ការនាំចូលប្រេងរបស់ឥណ្ឌា គឺផ្អែកលើកត្តាទីផ្សារ និងដើម្បីធានាបាននូវសន្តិសុខថាមពលសម្រាប់ប្រជាជនឥណ្ឌាតែប៉ុណ្ណោះ។ បញ្ហានេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិកកំពុងតានតឹងកាន់តែខ្លាំង។
ទន្ទឹមនេះមានការធ្លាយដំណឹងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង៧ឆ្នាំមកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃពហុភាគី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ដ៏ខ្លីខាងមុខនេះ ដែលជាសញ្ញាថ្មីមួយទៀតបង្ហាញពីទំនាក់ទំនងការទូតកាន់តែស្អិតរមួតខុសធម្មតារវាងឥណ្ឌាជាមួយមហាយក្សចិន ស្របពេលឥណ្ឌាមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិកកើនឡើង។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ ខែសីហា លោក ដូណាល់ ត្រាំ បានគំរាមថា ចាប់ពីថ្ងៃទី៨ ខែសីហា តទៅ សហរដ្ឋអាម៉េរិក នឹងយកពន្ធរហូតដល់ទៅ១០០% លើទំនិញនាំចូលពីប្រទេសណា ដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី លុះត្រាតែរុស្ស៊ីឈានដល់បទឈប់បាញ់។ នេះមានន័យថា ប្រសិនបើប្រទេសសំខាន់ៗមួយចំនួនដូចជា ចិន ឥណ្ឌា និងតួកគី នៅតែបន្តទិញប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី នោះទំនិញរបស់ប្រទេសទាំងនេះនឹងត្រូវបង់ពន្ធខ្ពស់កប់ពពករហូតដល់ទៅ១០០% នៅពេលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក៕