ប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យតម្រុយថា លោកអាចនឹងពន្យារពេលជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជំរុញឱ្យប្រទេសចិន បញ្ជូននាវាចម្បាំងទៅជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានបិទដោយអ៊ីរ៉ង់។ យោងតាមសេតវិមានបានឱ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។
ប៉ុន្តែការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបណ្ដាលឱ្យការដឹកជញ្ជូនទំនិញតាមកប៉ាល់រាំងស្ទះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវទឹកដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ា ដែលមានរហូតដល់ទៅប្រមាណ ២០% នៃប្រេង និងឧស្ម័នរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ ហើយការបិទខ្ទប់ច្រកសមុទ្រនេះបានធ្វើឱ្យថាមពលឡើងថ្លៃយ៉ាងគំហុក បង្កចលាចលពេញពិភពលោក ជាពិសេសនៅអាស៊ី។
នៅក្នុងបទសម្ភាសជាមួយកាសែត Financial Times របស់ចក្រភពអង់គ្លេសលោក ដូណាល់ ត្រាំ បាននិយាយថា បណ្ដាប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស គួរតែជួយការពារសុវត្ថិភាពនៅច្រកសមុទ្រនេះ ហើយថា ប្រទេសចិន ក៏គួរតែជួយដូចគ្នាដែរ។ លោក ត្រាំ បានអះអាងថា លោកចង់ដឹងពីចេតនារបស់ទីក្រុងប៉េកាំង ក្នុងការជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស នៅមុនជំនួបកំពូលរវាងរូបលោក និងលោក ស៊ី ជីនពីង។ នៅពេលអ្នកសារព័ត៌មានសួរពីជំនួបជាមួយលោក ស៊ី ជីនពីង លោក ត្រាំ មិនបានពន្យល់លម្អិតនោះទេ គ្រាន់តែលើកឡើងថា អាចនឹងពន្យារពេល។
ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីការលោកបានសរសេរសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមអំពាវនាវឱ្យប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដែលរងគ្រោះដោយសារការបិទច្រកសមុទ្រហ័រម៉ូសបញ្ជូននាវាចម្បាំងទៅជួយការពារសុវត្ថិភាពកប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងណាកាសែតរដ្ឋចិន Global Times បានឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ថា អ្នកវិភាគចិនមួយចំនួនជឿថា សហរដ្ឋអាម៉េរិក កំពុងបង្វែការស្ដីបន្ទោស ហើយព្យាយាមទាញប្រទេសជាច្រើនទៀតឱ្យធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ពួកគេអះអាងថា ការបិទច្រកសមុទ្រ Hormuz គឺបណ្តាលមកពីការវាយប្រហារយោធាដោយសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអែលទៅលើអ៊ីរ៉ង់៕
ដោយ: តែម សុខុម