លោក ដូណាល់ ត្រាំ

លោក ត្រាំ គ្រោងស្កាត់ទៅជួបលោក ស៊ី នៅទីក្រុងប៉េកាំង ក្រោយបានជជែកគ្នាតាមទូរសព្ទ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងស្កាត់ទៅជួបជជែកគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង នាពេលខាងមុខ ក្រោយពីមេដឹកនាំប្រទេសមហាអំណាចទាំងពីរបានជួបជជែកគ្នាតាមទូរសព្ទនាដើមសប្តាហ៍នេះ។ នៅក្នុងជំនួបតាមទូរសព្ទ មេដឹកនាំប្រទេសមហាអំណាចទាំងពីរ បានជជែកគ្នាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ថ្នាំអាភៀនសំយោគហ្វេនតានីល និងបញ្ហាផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
លោក ដូណាល់ ត្រាំ
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ថា សមភាគីចិន លោក ស៊ី ជីនពីង បានអញ្ជើញលោកឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅខែមេសា ឆ្នាំ២០២៦ ហើយមេដឹកនាំចិននឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិកវិញ ដើម្បីជាការតបស្នង។ គម្រោងបំពេញទស្សនកិច្ចទៅវិញទៅមកនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបតាមទូរសព្ទរវាងមេដឹកនាំមហាអំណាចទាំងពីរនៅដើមសប្តាហ៍នេះ។ លោក ត្រាំ បានសរសេរសារនៅលើប្រព័ន្ធ Truth Social ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ថ្នាំអាភៀនសំយោគហ្វេនតានីល សណ្តែកសៀង និងផលិតផលកសិកម្មផ្សេងទៀតផងដែរ​។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ ក៏បានរាយការណ៍អំពីការសន្ទនាតាមទូរសព្ទរវាងលោក ត្រាំ និងលោក ស៊ី នេះដែរ តែមិនបានលើកឡើងអំពីផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នោះទេ។ សារព័ត៌មានដដែលនេះ បានរៀបរាប់ទៀតថា នៅក្នុងជំនួបនោះ លោក ស៊ី បានប្រាប់លោក ត្រាំ ថា ការវិលត្រឡប់របស់តៃវ៉ាន់ ក្នុងការចូលរួមជាមួយចិន ដីគោក គឺជាផ្នែកដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់ពិភពលោក ខណៈលោក ត្រាំ បាននិយាយថា ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះសង្គ្រាមលោកលើកទី២ ហើយអាម៉េរិក យល់ពីសារសំខាន់នៃបញ្ហាកោះតៃវ៉ាន់ ចំពោះប្រទេសចិន។

នេះជាការជជែកគ្នាតាមទូរសព្ទលើកដំបូង ចាប់តាំងពីមេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែតុលា ដែលពួកគេបានយល់ព្រមកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយគ្នា។ ពេលនោះទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមកាត់បន្ថយពន្ធ២០% លើផលិតផលចិន ដែលលោក ត្រាំ បានដាក់ពាក់ព័ន្ធនឹងរំហូរថ្នាំហ្វេនតានីល ចូលទៅក្នុងសហរដ្ឋអាម៉េរិក រីឯចិនវិញបានផ្អាកពន្ធសងសឹករហូតដល់១៥% ដែលខ្លួនបានដាក់លើសណ្តែកសៀង និងផលិតផលផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានដើរតួនាទីសំខាន់យ៉ាងណាក្នុងការជួយស្តារអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម?

សង្រ្គាមពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ