
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា លោកទទួលបានលទ្ធផលដ៏ល្អនៅក្នុងការចរចាជាមួយមហាយក្សចិន នៅប្រទេសស្វីស ដោយប្រធានបទជាច្រើនត្រូវបានលើកយកមកពិភាក្សាគ្នា ហើយចំណុចជាច្រើនត្រូវបានព្រមព្រៀង។ លោក ត្រាំ រៀបរាប់ទៀតថា ភាគីទាំងពីរចង់ឃើញភាពល្អប្រសើរទាំងសម្រាប់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ហើយលោកបានជំរុញឱ្យមហាយក្សចិន បើកទូលាយបន្ថែមទៀតសម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសរបស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ គ្រាន់តែបានលើកឡើងដោយមិនលម្អិតថា ការបើកទូលាយបន្ថែមទៀតរបស់មហាយក្សចិន សម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសនានារបស់សហរដ្ឋអាម៉េរិក កំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរ។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងមុននេះថា ក្រុមមន្ត្រីកំពូលៗរបស់សហរដ្ឋអាម៉េរិក និងខាងភាគីមហាយក្សចិន បានបញ្ចប់ហើយនូវការចរចាពាណិជ្ជកម្មថ្ងៃដំបូងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយគ្រោងបន្តការចរចានៅថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ។
ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) បានជួបចរចារហូតដល់ទៅប្រមាណ៨ម៉ោងជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) និងតំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ ហ្គ្រៀ (Jamieson Greer) ក្នុងកិច្ចពិភាក្សាផ្ទាល់លើកដំបូងចាប់តាំងពីប្រទេសទាំងពីរបានដាក់ពន្ធគយបដិការលើគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា គ្មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចរចានេះទេ ហើយក៏គ្មានការប្រកាសពីវឌ្ឍនភាពច្បាស់លាស់លើការបន្ធូរបន្ថយពន្ធនោះដែរ៕
ដោយ: តែម សុខុម