លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន ដែលកំពុងមានជម្លោះការទូត និងពាណិជ្ជកម្មជាមួយមហាយក្សចិន បានពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺនៅមួយថ្ងៃបន្ទាប់ពីមេដឹកនាំចិន បានជួបពិភាក្សាតាមទូរសព្ទជាមេដឹកនាំអាម៉េរិក។ នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា នៅក្នុងជំនួបខាងលើលោក ត្រាំ បានស្នើសុំពិភាក្សាជាមួយលោកស្រី និងបានប្រាប់លោកស្រីពីការសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី។
ជម្លោះការទូតរវាងជប៉ុន និងចិន កំពុងឡើងកម្ដៅកាន់តែខ្លាំង ដោយកាលពីសប្ដាហ៍មុនចិនបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធើរ៉េស ដោយចោទជប៉ុនថា បានប៉ុនប៉ងធ្វើអន្តរាគមន៍ខាងយោធាដល់កោះតៃវ៉ាន់។ ឆ្លើយតបនឹងលិខិតរបស់ចិននេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ សប្តាហ៍នេះថា លោក កាហ្ស៊ូយូគី យ៉ាម៉ាហ្សាគី (Kazuyuki Yamazaki) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅជូនលោក ហ្គូធើរ៉េស ដើម្បីពន្យល់អំពីជំហររបស់ប្រទេសជប៉ុន ជុំវិញបញ្ហានេះផងដែរ៕
ដោយ៖ សុខ មង្គល