
ក្នុងពេលធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីបានចូលរួមនៅក្នុងពិធីបុណ្យសពសម្តេចប៉ាបហ្វ្រង់ស្វ័រ នៅបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦ខែមេសា លោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមថា គ្មានហេតុផលអ្វីដែលលោក ពូទីន បន្តបាញ់មីស៊ីលទៅលើតំបន់របស់ជនស៊ីវិល និងទីក្រុងតូចធំក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះឡើយ ដូច្នេះហើយលោកសង្ស័យក្នុងចិត្តថា លោក ពូទីន ទំនងជាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន មែនហើយ។
លោក ត្រាំ បានសរសេរថា ប្រសិនបើលោក ពូទីន មិនចង់បញ្ឈប់សង្រ្គាម និងគ្រាន់តែអូសបន្លាយពេលវេលាទេ លោក ត្រាំ នឹងត្រូវដោះស្រាយតាមវិធីខុសប្លែកពីនេះ គឺតាមរយៈធនាគារ ឬទណ្ឌកម្មបន្ទាប់បន្សំជាមិនខាន ព្រោះសង្គ្រាមនេះបានសម្លាប់មនុស្សច្រើនណាស់។
ការលើកឡើងរបស់លោក ត្រាំ នេះត្រូវបានគេមើលឃើញថា ហាក់ផ្ទុយស្រឡះទៅនឹងអ្វីដែលលោកបានវាយតម្លៃជាវិជ្ជមាននៅមុននេះថា ភាគីអ៊ុយក្រែន និងរុស្ស៊ី ជិតនឹងសម្រេចបានកិច្ចព្រមព្រៀងមួយហើយ បន្ទាប់ពីបេសកជនពិសេសរបស់លោក គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានជួបជាមួយនឹងលោកពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។
សូមរំលឹកថា លោក ត្រាំ ក៏បានជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី រយៈពេល១៥នាទី នៅខាងក្រៅពិធីបុណ្យសពសម្ដេចប៉ាបហ្រ្វង់ស្វ័រ ផងដែរ។ នេះគឺជាជំនួបទ្វេភាគីលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរ បានប៉ះទង្គិចពាក្យសម្ដីគ្នានៅក្នុងកិច្ចសន្ទនានៅសេតវិមានកាលពីចុងខែកុម្ភៈ បណ្ដាលឱ្យសេតវិមានផ្អាកមួយរយៈពេលខ្លីនូវជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែន។
ក្រោយពីការបញ្ជាឱ្យផ្អាកជំនួយយោធានេះហើយ លោក ត្រាំ ក៏បានប្រកាសថា លោកកំពុង ពិចារណាយ៉ាងខ្លាំងលើការដាក់ទណ្ឌកម្មថ្មី និងពន្ធលើប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យលោក ពូទីន ធ្វើការចរចាដោយស្មោះត្រង់ ប៉ុន្តែមកដល់ពេលនេះ លោក ត្រាំ មិនទាន់បានធ្វើតាមការគំរាមកំហែងនេះនៅឡើយទេ។
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក លោក ឆាក់ ក្រាស្ល៊ី (Chuck Grassley) កាលពីថ្ងៃទី ២៥ ខែមេសា បានជំរុញឱ្យលោក ត្រាំ ដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតលើលោក ពូទីន ដោយលើកហេតុផលថា មានភស្តុតាងយ៉ាងច្បាស់លាស់ថា លោក ពូទីន កំពុងលេងសើចជាមួយនឹងសហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល