ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យកូរ៉េខាងត្បូង អង្គុយលែងជាប់កៅអីកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅថ្មីៗនេះ ក្រោយលោកត្រាំប្រកាសជាសាធារណៈពីផែនការសើរើពន្ធលើទំនិញរបស់កូរ៉េខាងត្បូង នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា ទំនិញនាំចូលពីកូរ៉េខាងត្បូង ជាពិសេសរថយន្ត ផលិតផលឈើ និងឱសថ ត្រូវប្រឈមមុខនឹងពន្ធខ្ពស់ គឺរហូតដល់២៥% បើធៀបនឹងកម្រិតពន្ធចាស់មានត្រឹមតែ១៥%។
មូលហេតុដែលនាំឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀកបែបនេះ គឺដោយសារលោកមើលឃើញថា សភាកូរ៉េខាងត្បូង កំពុងលេងល្បែងមិនគោរពពាក្យសន្យាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន។ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ត្រាំ បានសរសេរក្នុងន័យឌឺដងថា៖«វាជាសិទ្ធិរបស់កូរ៉េខាងត្បូង ក្នុងការមិនអនុម័ត ប៉ុន្តែវាក៏ជាសិទ្ធិរបស់អាម៉េរិក ក្នុងការតម្លើងពន្ធដូចគ្នាដែរ»។
ទោះជាយ៉ាងណាគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើនេះគឺជាយុទ្ធសាស្ត្រសម្លុត ដើម្បីបង្ខំឱ្យកូរ៉េខាងត្បូង ចុះហត្ថលេខា ឬក៏ជាការសម្រេចចិត្ត ដែលនឹងត្រូវអនុវត្តភ្លាមៗនោះទេ ព្រោះកាលបរិច្ឆេទជាក់លាក់មិនទាន់មាននៅឡើយទេ។
ជាការឆ្លើយតបភ្លាមៗ ទីក្រុងសេអ៊ូល បានចាប់ផ្ដើមបត់បែនតាមស្ថានការណ៍ ដោយវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា រដ្ឋមន្ត្រីឧស្សាហកម្មរបស់កូរ៉េខាងត្បូង លោក គីម ជុងវ៉ាង (Kim Jung-kwan) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជួបចរចាពន្លត់ភ្លើងពាណិជ្ជកម្មជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក ហូវាដ លូតនិក (Howard Lutnick)។ គេនៅចាំបានថា កាលពីឆ្នាំមុនកូរ៉េខាងត្បូង ធ្លាប់បានសន្យាបោះទុនវិនិយោគរហូតដល់ទៅ ៣៥០ពាន់លានដុល្លារក្នុងវិស័យផលិតកម្មយុទ្ធសាស្ត្រនៅអាម៉េរិក ដើម្បីជាការសម្រុះសម្រួលទំនាក់ទំនងពាណិជ្ជកម្ម៕
ដោយៈ សរ សុជាតិ