វិស័យពាណិជ្ជកម្ម

តើគំនាបពន្ធគយរបស់លោក ត្រាំ នឹងរុញឱ្យប្រទេសតូចធំនៅអាស៊ីរត់ទៅអែបចិន កាន់តែច្រើន ឬយ៉ាងណា?


គណបក្សកាន់អំណាចនៃប្រទេសជប៉ុន បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពកដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទូទាំងពិភពលោក អាចរុញឱ្យប្រទេសនានា ជាពិសេសប្រទេសតូចធំនៅអាស៊ីរត់ទៅអែបចិនកាន់តែជិតស្និទ្ធ និងធ្វើឱ្យសន្តិសុខក្នុងតំបន់មានអស្ថិរភាព ហើយបានអំពាវនាវឱ្យរឹតចំណងទំនាក់ទំនងការពារជាតិកាន់តែរឹងមាំរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

លោក អ៊ីតស៊ុណូរី អូណូដេរ៉ា (Itsunori Onodera) ប្រធានគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាបក្សកាន់អំណាចបច្ចុប្បន្ននៃប្រទេសជប៉ុន បានលើកឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែមេសា ថា ប្រទេសជាច្រើននៅអាស៊ី បានឈរនៅខាងសហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន លើបញ្ហាប្រទេសចិន ប៉ុន្តែគំនាបពន្ធគយដាក់ដោយ​លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រទេសទាំងនោះរងការភ័យខ្លាច។

អតីតរដ្ឋមន្ត្រីការពារជាតិ ជប៉ុន រូបនេះ បានព្រមានថា ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះទៀត ប្រទេសមួយចំនួនអាចនឹងដកខ្លួនចេញពីសហរដ្ឋអាម៉េរិក ហើយរត់ទៅអែបមហាយក្សចិន កាន់តែជិតស្និទ្ធ ជាលទ្ធផលដែលប្រទេសជប៉ុន មិនចង់ឃើញ។

ការព្រមានរបស់លោកធ្វើឡើងស្របពេលដែលប្រទេសជាច្រើនកំពុងព្យាយាមចរចាជាមួយសហរដ្ឋអាម៉េរិក ជុំវិញពន្ធគយបដិការដាក់ដោយលោក ដូណាល់ ត្រាំ ដែលអាចជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាស៊ី និងសន្តិសុខក្នុងតំបន់។ ចំណែកឯប្រទេសជប៉ុន ក៏កំពុងត្រៀមខ្លួនសម្រាប់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នៅសប្តាហ៍នេះដែរ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងការពារជាតិជាមួយសហរដ្ឋអាម៉េរិក គឺជាកិច្ចការដ៏សំខាន់ដោយសារមានការគំរាមកំហែងកាន់តែខ្លាំងឡើង ជាពិសេសពីសំណាក់ប្រទេសចិន។ លោកបានបន្តថា សម្ពាធដែលមហាយក្សចិន ដាក់លើកោះតៃវ៉ាន់ ការប្រើប្រាស់សង្គ្រាមព័ត៌មានជុំវិញជម្លោះដែនអធិបតេយ្យ និងការធ្វើសមយុទ្ធយោធាកាន់តែញឹកញាប់ សុទ្ធតែជាក្ដីកង្វល់ដ៏ធំដែលគួរផ្ដោតការយកចិត្តទុកដាក់។

ទន្ទឹមនេះ លោក ម៉ាសាតុ កានដា (Masato Kanda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងក្នុងបទសម្ភាស​ជាមូយសារព័ត៌មាន Bloomberg នៅថ្ងៃទី២៩ ខែមេសា នេះ ថា បណ្តាប្រទេសនៅអាស៊ី គួរតែចាប់ដៃគូពាណិជ្ជកម្មជាមួយប្រទេសនានាឱ្យបានកាន់តែច្រើន និងជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ដើម្បីជួយខ្លួនឯងឱ្យឆ្លងផុតសង្រ្គាមពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។

ជាការកត់សម្គាល់ឃើញថា ស្របពេលប្រធានាធិបតីស្វីស លោកស្រី ខារីន ខេល័រ សាត់ធ័រ (Karin Keller-Sutter) ធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាជុំវិញពន្ធគយ៣១% ដែលលោក ដូណាល់ ត្រាំ បានដាក់លើទំនិញស្វីស រដ្ឋមន្ត្រីការបរទេសស្វីស លោក អ៊ីកណាហ្ស៊ីយ៉ូ ខេស៊ីស (Ignazio Cassis) ក៏បានធ្វើទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំង ផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយនេះឆ្លុះបញ្ចាំងពីស្ថានភាពដ៏គួរឱ្យព្រួយបារម្ភសម្រាប់លោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសជាសម្ពន្ធមិត្ត។

ជាការពិតណាស់ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យសណ្ដាប់ធ្នាប់ពិភពលោកដែលមានតាំងពីក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ត្រូវក្រឡាប់ចាក់ជាថ្មី។

សរុបមកក្នុងរយៈពេលដ៏ខ្លីនេះ លោក ដូណាល់ ត្រាំ បានធ្វើរឿងនឹកស្មានមិនដល់ជាច្រើនដែលធ្វើឱ្យពិភពលោក រួមទាំងពលរដ្ឋអាម៉េរិក ស្រឡាំងកាំងដូចជាលោកបានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មពិភពលោក លោកបានកាត់ជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក លោកបានរិះគន់បណ្ដាប្រទេសជាសម្ពន្ធមិត្តនៃអង្គការបក្សសម្ព័ន្ធយោធាណាតូ លោកបានគាំទ្រការលើកឡើងរបស់រុស្ស៊ី ជុំវិញសង្គ្រាមឈ្លានពានអុយក្រែន លោកបាននិយាយថា ចង់ដាក់តំបន់ Greenland ជាឧបសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក លោកចង់យកព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រងឡើងវិញ លោកចង់ធ្វើឱ្យប្រទេសកាណាដា ធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក​ និងមានរឿងជាច្រើនទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កសិករថៃ កំពុងរងទុក្ខដោយសារការធ្លាក់ចុះតម្លៃកសិផល និងស្នើឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់

ប្រធានសមាគមអ្នកធ្វើកសិកម្មថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវអនុវត្តវិធានការមួយចំនួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃកសិផល ជាពិស…

ធនាគារយក្ស Goldman Sachs ព្រមានថា ពន្ធគយរបស់អាម៉េរិក អាចធ្វើឱ្យពលរដ្ឋចិន រហូតដល់១៦លាននាក់ ប្រឈមបាត់បង់ការងារ

ក្រុមអ្នកវិភាគនៅធនាគារវិនិយោគធំបំផុតទី២របស់ពិភពលោក Goldman Sachs បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពក ដែលប្រធានាធិបតីអាម៉េរិក លោក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ