
គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុនផលិតនៅតំបន់អាស៊ីរាប់ចាប់តាំងពីបន្ទះសៀគ្វីកុំព្យូទ័ររហូតដល់ប្រដាប់ប្រដាក្មេងលេងប្រញាប់ប្រញាល់ដឹកជញ្ជូនទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅមុនពេលពន្ធគយរបស់លោក ត្រាំ ចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ ក្រុមអ្នកវិភាគជឿជាក់ថា ការនាំចេញរបស់អាស៊ីទៅសហរដ្ឋអាម៉េរិកនឹងអាចមានការធ្លាក់ចុះខ្លាំងនៅប៉ុន្មានត្រីមាសខាងមុខ ដោយសារការធ្លាក់ចុះតម្រូវការប្រើប្រាស់របស់ពលរដ្ឋអាម៉េរិក ក្រោយមានការដំឡើងថ្លៃលើទំនិញនាំចូល។
ប្រសិនបើវាមាននិន្នាការបែបនេះមែន នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចនៅតំបន់អាស៊ីប្រឈមនឹងការធ្លាក់ចុះ ដែលជំរុញក្រុមអ្នកបង្កើតគោលនយោបាយផ្លាស់ប្តូរទៅរកការបង្កើនសកម្មភាពជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក។
លោក គ្រីស រ៉ចជើ (Chris Rogers) ប្រធានផ្នែកស្រាវជ្រាវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្រុមហ៊ុន S&P Global Market Intelligence ជឿជាក់ថា កាលណាអតិផរណានៅអាម៉េរិកមានការកើនឡើងខ្ពស់ វានឹងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ និងបន្ទច់បង្អាក់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក ខណៈបច្ចុប្បន្នធនាគារនេះបានរក្សាអត្រាការប្រាក់គោលមិនផ្លាស់ប្តូរនៅចន្លោះពី៤,២៥%ទៅ៤,៥០%កាលពីសប្តាហ៍មុន៕
ដោយ៖ សុខ មង្គល