ក្រោយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និង នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់រួចមក ពេលនេះ លោក គៀ ស្តាម័រ (Keir Starmer) នាយករដ្ឋមន្រ្តីអង់គ្លេស ក៏កំពុងត្រៀមខ្លួនទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ផងដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសចិន។
វត្តមានរបស់នាយករដ្ឋមន្រ្តីអង់គ្លេស នឹងក្លាយជាវត្តមានលើកដំបូងរបស់មេដឹកនាំអង់គ្លេសនៅលើទឹកដីចិន ចាប់តាំងពីឆ្នាំ២០១៨មក ខណៈទីក្រុងឡុងដ៍កំពុងស្វែងរកការតភ្ជាប់ពាណិជ្ជកម្មកាន់តែរឹងមាំជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោកមួយនេះ។ ក្រៅពីប្រទេសចិន លោកនាយករដ្ឋមន្រ្តីអង់គ្លេស នឹងបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពង្រឹងគោលនយោបាយរបស់អង់គ្លេស នៅតំបន់អាស៊ីឡើងវិញផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងនាំមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អង់គ្លេសដូចជា ក្រុមហ៊ុនសណ្ឋាគារ Intercontinental, ក្រុមហ៊ុនផលិតរថយន្ត Jaguar, Land Rover និង Rolls-Royce ព្រមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ HSBC និងក្រុមហ៊ុនថាមពល BP ដើម្បីជួបពិភាក្សាជាមួយដៃគូពាណិជ្ជកម្មចិន។
អ្នកវិភាគបានលើកឡើងថា ស្របពេលអង់គ្លេស កំពុងរៀបចំផែនការនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតាមឃ្លាំមើលអង់គ្លេសយ៉ាងយកចិត្តទុកដាក់ ខណៈពេលថ្មីៗនេះ លោក ត្រាំ បានគំរាមដាក់ពន្ធលើកាណាដា ១០០ភាគរយ ប្រសិនបើប្រទេសនេះ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ ជុំវិញការគំរាមកំហែងនេះ នាយករដ្ឋមន្ត្រីកាណាដា បានអះអាងថា ខ្លួនមិនមានបំណងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពេញលេញជាមួយចិន នោះទេ ប៉ុន្តែអ្វីដែលបានធ្វើកន្លងមក គឺគ្រាន់តែជាការសម្របសម្រួលកាត់បន្ថយពន្ធលើវិស័យមួយចំនួន ដែលបានដាក់ពន្ធលើគ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ