
ក្រុមហ៊ុនវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីលំដាប់ពិភពលោក S&P Global បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការនាំចេញទំនិញរបស់ប្រទេសចិន នៅមួយទសវត្សរ៍ចុងក្រោយនេះ បានកើនឡើងទ្វេដងទៅកាន់ប្រទេសភាគច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាម៉េរិកឡាទីន និងមជ្ឈិមបូព៌ា បើធៀបនឹងកំណើន២៨% ទៅកាន់សហរដ្ឋអាម៉េរិក និង៥៨% ទៅកាន់អឺរ៉ុបខាងលិច ហើយនិន្នាការនេះ បានកើនឡើងចាប់តាំងពីអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ។
ការកើនឡើងក្រោមការជំរុញពីពន្ធគយរបស់លោក ត្រាំ នេះ បានកើតឡើងចំពេលក្រុមហ៊ុនចិន កំពុងស្វែងរកទីផ្សារថ្មីនៅបរទេស ខណៈសេដ្ឋកិច្ចរបស់មហាអំណាចទីពីរលើពិភពលោកមួយនេះបានថយចុះ ស្របពេលក្រុមហ៊ុនចិន ស្វែងរកការកែច្នៃមជ្ឈមណ្ឌលផលិតកម្មសម្រាប់ទំនិញចាប់ពីរថយន្តអគ្គិសនីរហូតដល់គ្រឿងអេឡិចត្រូនិក។
ក្រុមអ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន S&P Global បាននិយាយថា ភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយពន្ធរបស់អាម៉េរិក និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន នឹងបន្តជំរុញឱ្យក្រុមហ៊ុនចិនបែរឆ្ពោះទៅកាន់ពិភពលោកខាងត្បូង។ សកម្មភាពនេះអាចក្លាយជាសណ្ដាប់ថ្មីនៃពាណិជ្ជកម្មសកល។
ទិន្នន័យសេដ្ឋកិច្ចកាលពីសប្តាហ៍មុន បានបង្ហាញពីផលប៉ះពាល់នៃពន្ធអាម៉េរិក លើសេដ្ឋកិច្ចចិន ដោយសកម្មភាពរោងចក្របានកើនឡើងក្នុងអត្រាទាបបំផុតតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការវិនិយោគលើអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធបានធ្លាក់ចុះ។ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាលពីខែកក្កដា ដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នា។
មន្ត្រីចិន បានប្រឹងប្រែងកាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅប៉ុន្មានខែថ្មីៗនេះ ដោយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។
កាលពីខែមិថុនា ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកនឹងលុបចោលពន្ធនាំចូលលើប្រទេសអាហ្វ្រិកស្ទើរតែទាំងអស់ ហើយលោកបានចូលរួមកិច្ចប្រជុំកំពូល និងបានជួបជាមួយមេដឹកនាំនៅតំបន់អាម៉េរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ៕
ដោយ៖ សុខ មង្គល