
ពន្ធគយទៅវិញទៅមកខ្ពស់កប់ពពកដែលគេចាត់ទុកថាជាពន្ធទណ្ឌកម្មរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យពាណិជ្ជកម្មពិភពលោកដែលធ្លាប់តែមានសណ្ដាប់ធ្នាប់ល្អជាច្រើនទសវត្សរ៍មកហើយនោះ រងការរង្គោះរង្គើ និងធ្លាក់ចូលក្នុងភាពចលាចល ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ពិភពលោកអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយបានធ្វើឱ្យផ្សារភាគហ៊ុនជុំវិញពិភពលោកក្រឡាប់ចាក់ ដោយក្នុងនោះផ្សារហ៊ុនអាម៉េរិក បានរងខាតបង់ធ្ងន់កជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
តួយ៉ាងផ្សារហ៊ុន S&P 500 ដែលជាសន្ទស្សន៍ផ្សារហ៊ុននៃក្រុមហ៊ុនឈានមុខគេទាំង៥០០ របស់សហរដ្ឋអាម៉េរិកបានដាំក្បាលចុះយ៉ាងខ្លាំងដោយខាតបង់ធ្ងន់ធ្ងរក្នុងទំហំរហូតដល់ទៅជិត៦ទ្រីលានដុល្លារ ស្ទើរមិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធទៅវិញទៅមកថ្មីលើប្រទេស និងដែនដីជាង១៨០នៅទូទាំងពិភពលោករួមទាំងកម្ពុជាកាលពីសប្ដាហ៍មុន ហើយនេះគឺជាការខាតបង់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រចាប់តាំងសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ មក។ សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ២០%ពីកម្រិតហក់ឡើងខ្ពស់បំផុតរបស់ខ្លួនកាលពីពេលថ្មីៗនេះ។
ងាកមកផ្សារហ៊ុនអាស៊ីឯណេះវិញឃើញថា បណ្ដាអ្នកវិនិយោគបានសម្រុកលក់ចេញភាគហ៊ុនដែលធ្វើឱ្យផ្សារហ៊ុនអាស៊ី ដាំក្បាលចុះជាថ្មីនៅថ្ងៃទី៩ ខែមេសា ដោយក្នុងនោះផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ចុះ៣% ខណៈដែលរូបិយប័ណ្ណវ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំមកនេះ ហើយសញ្ញាប័ណ្ណរដ្ឋាភិបាលទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅពេលដែលបណ្ដាអ្នកវិនិយោគងាកទៅសម្រុកទិញចូលរូបិយប័ណ្ណដើម្បីសុវត្ថិភាព។
មានសញ្ញាជាច្រើនបានបង្ហាញថា ផ្សារភាគហ៊ុនរបស់អឺរ៉ុប និងសហរដ្ឋអាម៉េរិកនឹងដាំក្បាលចុះរងការខាតបង់កាន់តែខ្លាំងបន្ថែមទៀត ខណៈផ្សារភាគហ៊ុនរបស់មហាយក្សចិន រក្សាបានស្ថិរភាពគួរឱ្យភ្ញាក់ផ្អើលដោយសារមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិន៕
ដោយ: តែម សុខុម