ការប្រើប្រាស់ពន្ធគយ និងការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចតួនាទីរបស់អាស៊ានជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរីរបស់ពិភពលោក។ តាមរយៈការប្រើប្រាស់ពាណិជ្ជកម្មយកធ្វើជាអាវុធគំរាមកំហែងប្រទេសនានា ដើម្បីសម្រេចមហិច្ឆតានយោបាយទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនហានិភ័យសម្រាប់បណ្ដាប្រទេស ដែលពឹងផ្អែកលើទីផ្សារបើកចំហ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអាស៊ានទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការកើនឡើងនៃការវិនិយោគបរទេស ដោយក្លាយជាតំណភ្ជាប់ដ៏សំខាន់រវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ពន្ធគយថ្មីៗរបស់លោក ដូណាល់ ត្រាំ លើទំនិញនាំចេញរបស់អាស៊ាន និងការគំរាមកំហែងដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ កំពុងធ្វើឱ្យកំណើននាំចេញថយចុះ និងបង្កើតភាពមិនប្រាកដប្រជា។ ក្នុងពេលជាមួយគ្នានេះ ទំនិញចិន កំពុងហូរចូលតំបន់អាស៊ានយ៉ាងគំហុក ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះដែលកត្តាទាំងនេះដាក់សម្ពាធលើឧស្សាហកម្ម និងវិស័យការងារក្នុងបណ្ដាប្រទេសអាស៊ានកាន់តែខ្លាំង។
ជាការពិតណាស់ អាស៊ាន កំពុងតែជាប់ក្នុងគំនាបនៅចន្លោះកណ្ដាលរវាងគោលនយោបាយគាំរពារនិយមរបស់សហរដ្ឋអាម៉េរិក និងការជំរុញការនាំចេញរបស់មហាយក្សចិន ដូចនេះយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចទាំងពីរនេះ កំពុងចាប់ផ្តើមបែកខ្ញែក ឬចុះខ្សោយ។
ក្រុមអ្នកជំនាញព្រមានថា អាស៊ាន និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចមធ្យមផ្សេងៗទៀតត្រូវតែធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចធំៗ និងការពារប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើមូលដ្ឋានច្បាប់ជាគោល៕
ដោយ: តែម សុខុម