គម្រោងវិនិយោគនៅខេត្តស្វាយរៀង

ក្រុមហ៊ុនចិនធំៗ២បោះទុនវិនិយោគ៤០០លានដុល្លារនៅខេត្តស្វាយរៀង


ក្នុងចំណោមក្រុមហ៊ុនដែលបានបោះទុនវិនិយោគវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០១នេះ មានក្រុមហ៊ុនចិនធំៗចំនួន២ បានបោះទុនវិនិយោគប្រមាណ ៤០០លានដុល្លារអាមេរិកនៅក្នុងខេត្តស្វាយរៀង ដោយបានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ពលរដ្ឋ។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមហ៊ុនចិនធំៗ២បោះទុនវិនិយោគ៤០០លានដុល្លារនៅខេត្តស្វាយរៀង
ដោយ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចិន្តា​សោភា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពិនិត្យ​មើល​ការ​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​ធំ​ៗ​ចំនួន​២ គឺ​ក្រុមហ៊ុន Cart Tire Co., Ltd និង​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd  ដែល​បាន​និង​កំពុង​វិនិយោគ​សាងសង់​រោងចក្រ​នៅ​ខេត្តស្វាយរៀង​។

ក្រុមហ៊ុន Cart Tire Co., Ltd ជា​ក្រុមហ៊ុន​ចិន និង​បាន​វិនិយោគ​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​២០១១ ហើយ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​សម្រេចចិត្ត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ដ ជាមួយ​ទឹកប្រាក់​វិនិយោគ ៣៥០​លាន​ដុល្លារ លើ​ផ្ទៃដី ៥០​ហិ​កតា​។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន ពុ​ចាយ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​អាច​បង្កើត​ការងារ​ជាង ៤​ពាន់​កន្លែង​ដល់​កម្មករនិយោជិត​។

ដោយឡែក ក្រុមហ៊ុន​ធំ​មួយទៀត​នោះ​គឺ Shane (Cambodia) Furniture Co., Ltd ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​។ ក្រុមហ៊ុន​ចិន​មួយ​នេះ  បាន​បោះទុន​វិនិយោគ​ប្រមាណ ៤៧,៧​លាន​ដុល្លា​អា​មេ​រិ​ក លើ​ទំហំ​ផ្ទៃដី ៣៥​ហិ​កតា​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ី​ន ក្រុង​បា​វិត ខេត្តស្វាយរៀង​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា រោងចក្រ​របស់​ក្រុមហ៊ុន​នេះ អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​២​ពាន់​កន្លែង​ផង​ដែរ​។

ឯកឧត្តម សុខ ចិន្ដា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន Cart Tire Co., Ltd  ដែល​នឹង​បញ្ជា​ទិញ​កៅស៊ូ​ក្នុងស្រុក​១០០% សម្រាប់​ផលិត​សំបក​កង់​យានយន្ត ដោយ​ឯកឧត្តម​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​ទី​១​ក្រុមហ៊ុន​នឹង​ត្រូវការ​កៅស៊ូ​ប្រមាណ ៥​ម៉ឺន​តាន ហើយ​នៅ​ឆ្នាំ​ទី​៥ កើន​ដល់ ១៥​ម៉ឺន​តោន ស្មើនឹង​ប្រមាណ ៤៣%​នៃ​ផលិតផល​កៅស៊ូ​ក្នុងស្រុក​សរុប (​ទិន្នន័យ​ឆ្នាំ​២០២០)​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម សុខ ចិន្ដា​សោភា ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហា​រឹម ពិចារណា​ទិញ​វត្ថ​ធាតុ​ដើម​ក្នុងស្រុក ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុននាំចេញ​ផលិតផល ដោយ​បង់ពន្ធ​ក្រោម​អត្រា ០% ឬ​អត្រា​ទាប​ផង​ដែរ​។

បើ​តាម​ការ​គូសបញ្ជាក់​របស់ ឯកឧត្តម សុខ ចិន្ដា​សោភា ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន សេចក្ដីព្រាងច្បាប់​ស្ដី​ពី​វិនិយោគ​ថ្មី ដែល​នឹង​ត្រូវ​ដាក់​ជូន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​ពិភាក្សា​នៅ​ថ្ងៃ​ទី ០៩ ខែ​កក្ក ឆ្នាំ​២០២១ ខាង​មុខ​នេះ នឹង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​កាត់កង​ចំណាយ​រហូត​ដល់ ១៥០% ពី​មូលដ្ឋាន​គិត​ពន្ធ ចំពោះ​ការ​ចំណាយ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ប្រកបដោយ​ផាសុកភាព​ដល់​កម្មករនិយោជិត ការ​សាងសង់​កន្លែង​ស្នាក់​នៅ កន្លែង​បរិភោគ​អាហារ ឬ​អាហារ​ដ្ឋា​ន​ដែល​មាន​តម្លៃ​សមរម្យ​ជាដើម​។

ទិន្នន័យ ដែល​បង្ហាញ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ថា នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០២១ CDC បាន​អនុម័ត​លើ​គម្រោង​អភិវឌ្ឍន៍​ប្រមាណ​៧០​គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង​២​ពាន់​៤​រយ​លាន​ដុល្លារ​។ គម្រោង​ទាំងនេះ​បាន​រួមចំណែក​ជួយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៤​ម៉ឺន​៤​ពាន់​កន្លែង​។

គម្រោង​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​អនុម័ត​នៅ​ឆមាស​ទី​១​នេះ ភាគច្រើន​ជា​រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង កាបូប គ្រឿង​បង្គុំ​អគ្គិសនី រោងចក្រ​ផលិត​កង់ និង​គ្រឿង​បង្គុំ សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​៕

អត្ថបទដោយ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


កម្ពុជានាំចេញម្រេចកើនឡើងខ្លាំងដល់ទៅ៤០០% នៅពាក់កណ្ដាលឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ការនាំចេញម្រេចនៅរយៈពេល៦ខែឆ្នាំ២០២១នេះ សម្រេចបានជាង ១ម៉ឺន៤ពាន់តោន ដែលមានកំណើនដល់ទៅប្រមាណ៤០០% ដោយក្នុងនោះ ប្រទេសវៀតណាមបានបញ្ជាទិញម្រេច…

ប្រទេស១៣០រួមគ្នាព្រមព្រៀងឲ្យមានការយកពន្ធលើក្រុមហ៊ុនអន្តរជាតិធំៗ

ក្រុមប្រទេសចំនួន ១៣០ រួមទាំងប្រទេស G20 កាលពីពេលថ្មីនេះបានព្រមព្រៀងគ្នា ដើម្បីធ្វើកំណែទម្រង់ពន្ធដារសកលលោក ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនអន្តរជាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ