
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានគូសបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តដែលមានផ្ទៃដីធំជាងគេលំដាប់ទី២នៅកម្ពុជា ហើយកំណើនសេដ្ឋកិច្ចរបស់ខេត្តនេះមួយភាគធំគឺពឹងផ្អែកលើវិស័យកសិកម្ម។
ដូច្នេះហើយ ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឱ្យកាន់តែមានភាពល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីបង្កើនការទាក់ទាញវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ តាមរយៈការបង្កើតសួនកសិឧស្សាហកម្មស្វាយចន្ទីលើផ្ទៃដីជាង៤រយហិកតា ដែលនឹងគ្រោងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ ក្រោយកម្ពុជាបានដាក់មហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។
បើតាមការអះអាងរបស់អភិបាលខេត្តកំពង់ធំរូបនេះ ក្រៅពីការបង្កើតសួនកសិឧស្សាហកម្មស្វាយចន្ទី នៅដើមឆ្នាំ២០២៦ ខាងមុខនេះ គម្រោងវារីវប្បកម្មដ៏ធំមួយនឹងលេចចេញជារូបរាងឡើងនៅលើផ្ទៃដីជាង៣ពាន់ហិកតានៅស្រុកស្ទូង ខេត្តកំពង់ធំផងដែរ ដែលនឹងក្លាយជាគម្រោងដ៏មានសក្តានុពលមួយបន្ថែមទៀតក្នុងការជំរុញវិស័យកសិកម្មនៅក្នុងខេត្ត តាមរយៈការស្រូបទាញការវិនិយោគ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច។
គួរជម្រាបថា ក្រៅពីមានសក្តានុពលខ្ពស់លើការដាំដុះដំណាំស្វាយចន្ទី ខេត្តកំពង់ធំ ក៏មានសក្តានុពលលើកការដាំដុះដំណាំស្រូវ កៅស៊ូ ដំឡូងមី និងដំណាំរួមផ្សំជាច្រើនទៀតផងដែរ៕