នាពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងនិយ័តករមូលបត្រកម្ពុជាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានចាត់ទុកការចាប់ដៃគ្នានេះ គឺជាការបើកទំព័រថ្មីសម្រាប់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាក្នុងការផ្តល់ឱកាសដល់សមាជិករបស់ខ្លួន ដើម្បីទទួលបាននូវការយល់ដឹង និងចូលរួមនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យសំខាន់មួយនៅក្នុងចំណោមវិស័យហិរញ្ញវត្ថុដ៏ទៃទៀត ដែលជាចលករដ៏សំខាន់នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបានកំពុងបោះជំហានទៅមុខជាលំដាប់។ ទន្ទឹមនេះ អ្នកឧកញ៉ា លី ឃុនថៃ រំពឹងថា តាមរយៈការភាពជាដៃគ្នានេះ វាក៏ជាឱកាសសម្រាប់វិនិយោគិនដែលជាសមាជិកសមាគមទាំងអស់ អាចពង្រីកមុខជំនួញរបស់ពួកគេបានកាន់តែធំ ដើម្បីឡើងផ្សារភាគហ៊ុនផងដែរ ដ្បិតថាផ្សារមូលបត្រ គឺជាថ្នាលមួយសម្រាប់ជួយពង្រឹងដល់ចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនបានកាន់តែលឿន ដើម្បីពង្រីកការវិនិយោគបន្ថែម។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាសសម្រាប់ការសិក្សារៀនសូត្រពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការវិនិយោគផ្ទាល់ផងដែរ ពោលគឺជាវិស័យមួយដែលអនុញ្ញាតឱ្យអ្នកវិនិយោគពីគ្រប់ប្រភពទាំងអស់អាចធ្វើពិពិធកម្មការវិនិយោគដើម្បីបង្កើននូវចំណូលបន្ថែម និងគ្រប់គ្រងហានិភ័យរបស់ខ្លួនផងដែរ។ ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកនាពេលនេះ គឺបានបង្ហាញឱ្យឃើញថា វិស័យមូលបត្រកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការជួយជ្រុំជ្រែងដល់អ្នកវិនិយោគទាំងអស់ នៅក្នុងការធ្វើពិពិធកម្មនៃការវិនោយោគ និងគ្រប់គ្រងហានិភ័យរបស់ពួកគេ ក្នុងទិសដៅធ្វើយ៉ាងណាដើម្បីជំរុញការអភិវឌ្ឍវិស័យហរិញ្ញវត្ថុកម្ពុជា និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនសរុបចំនួន២៣ បានចុះបញ្ជីលក់មូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណ) ជាមួយគ្នានេះក្រុមហ៊ុនទាំង២៣នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ប្រមាណជិត៤រយលានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន