
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទី ១៧ របស់បុរីវិមានភ្នំពេញ ផាឡេស លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប បានលើកឡើងថា ការបើកលក់គម្រោងថ្មីរបស់បុរីវិមានភ្នំពេញនាពេលនេះ គឺបន្ទាប់ពីបាន មើលឃើញពីស្ថានភាពងើបឡើងវិញជាបណ្ដើរៗនៃវិស័យអចលនទ្រព្យ ក៏ដូចជាការលូតលាស់ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាក៏ស្របទៅនឹងផែនការពង្រីកប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុននៅឆ្នាំនេះផងដែរ។

គម្រោងទី ១៧ របស់បុរីវិមានភ្នំពេញ ផាឡេស ដែលទើបបើកការដ្ឋានសាងសង់ថ្មីនេះ ត្រូវបានលោកអ្នកឧកញ៉ា លី ហួរ អះអាងថា គឺជាប្រភេទលំនៅដ្ឋានប្រណីត ដែលមានចំនួនផ្ទះសរុបត្រឹមតែ ១៧ខ្នងផ្ទះប៉ុណ្ណោះ ដោយតម្លៃមានចាប់ពីរង្វង់ ៣លានដុល្លារអាមេរិកឡើងទៅ។ អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងនេះ គឺមានការយកចិត្តទុកដាក់ខ្ពស់ លើផ្នែកសន្ដិសុខ សុវត្ថិភាពសម្រាប់អ្នករស់នៅយ៉ាងកក់ក្ដៅបំផុត ដោយមានរបងព័ទ្ធជុំវិញ និងមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចេញចូលដោយសេរីនោះឡើយ ពោលគឺ គ្រប់ផ្ទះនៅក្នុងគម្រោងនេះ មានភ្ជាប់ខ្សែទូរសព្ទ នៅកន្លែងសន្ដិសុខនៅច្រកចូលខាងមុខ ដូច្នេះ អ្នកដែលចង់ចូលក្នុងបុរី ទាល់តែមានការណាត់ជួប ឬអនុញ្ញាតពីម្ចាស់ផ្ទះ ទើបសន្ដិសុខអនុញ្ញាតឲ្យចូលបាន។

បើតាមការគូសបញ្ជាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរនៅកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ការដាក់ចេញនូវគោលនយោបាយ និងយន្ដការគាំទ្រជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នកអភិវឌ្ឍន៍ និងអ្នកទិញអចលនទ្រព្យ ក៏ជាកាតាលីករដ៏សំខាន់ ដែលនឹងជួយស្ដារ និងជំរុញដល់កំណើននៃវិស័យអចលនទ្រព្យនៅឆ្នាំ២០២៥នេះផងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប្រថាប់ត្រា លើការទិញលំនៅឋានមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ ខណៈលំនៅឋានមានតម្លៃលើសពីនេះ ត្រូវបន្ថយមូលដ្ឋានគិតពន្ធ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥។

ថ្មីៗនេះទៀតសោត រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងធនាគារជាតិ បានជួបប្រជុំគ្នាជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បី សម្របសម្រួលជួយឲ្យអ្នកទិញផ្ទះ ដែលបង់រំលស់ជាមួយនឹងម្ចាស់បុរី អាចបង្វែរការបង់រំលស់ជាមួយធនាគារវិញ ក្នុងអត្រាការប្រាក់ទាបជាងមុន។ កត្តានេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា នឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគេ, ជួយសម្រាលបន្ទុករបស់អ្នកទិញ និងជំរុញដល់កំណើនទីផ្សារឲ្យកាន់តែមានភាពរស់រវើកជាងមុនផងដែរ៕









